ពលរដ្ឋសហគមន៍កោះស្រឡៅ៣០០គ្រួសារ ទទួលបានការបំពាក់ភ្លើងសឡាពី UNDP
22-05-2026 15:52
(កោះកុង)៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបំពាក់ភ្លើងសឡាជូនប្រជាពលរដ្ឋរស់នៅសហគមន៍កោះស្រឡៅប្រមាណ៣០០គ្រួសារ។ សហគមន៍កោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលហ៊ុមព័ទ្ធទៅដោយព្រៃកោងកាង និងជាទីកន្លែងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទ។
បើទោះបីសហគមន៍កោះស្រឡៅជាទីឋានដែលមានសម្រស់ស្រស់ឆើតឆាយលំហសាគរយ៉ាងណាក្តី តែប្រជាពលរដ្ឋនៅលើកោះនេះប្រឈមនឹងការខ្វះខាតថាមពលប្រើប្រាស់។ ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋបែបនេះហើយ ទើបកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានផ្តល់ផ្ទាំងសឡាជូនដល់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់។
ទីឋានដែលធ្លាប់ងងឹតស្លុបនាពេលរាត្រី បច្ចុប្បន្នបានប្រែមកភ្លឺចិញ្ចែងចិញ្ចាច។ សំឡេងរីករាយក៏បានបន្លឺឡើងនៅក្នុងសហគមន៍ដ៏ស្ងប់ស្ងាត់មួយនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំគម្រោង ដើម្បីប្រែក្លាយតំបន់កោះស្រឡៅនេះ ឱ្យទៅជា «កោះអព្យាក្រឹតកាបូនគំរូមួយ» ដំបូងគេនៅកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពសហគមន៍ អភិរក្សធនធនធម្មជាតិ និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ដើម្បីឱ្យសហគមន៍កោះស្រឡៅ ធានាបាននូវទេសភាពស្រស់ត្រកាល បរិស្ថាន ស្អាត និងបៃតង ឈានឆ្ពោះទៅជា «កោះអព្យាក្រឹតកាបូន»នោះ ក្រសួងបានរៀបចំផែនការជាជំហានៗយ៉ាងហ្មត់ចត់ និងជាក់លាក់ជាច្រើន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបរិស្ថានរៀបចំគម្រោងអភិវឌ្ឍន៍កោះស្រឡៅ ទៅជាកោះអព្យាក្រឹតកាបូនគំរូមួយនៅកម្ពុជានៅពេលខាងមុខ តាមរយៈការគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបង្កើតជម្រើសជីវភាព និងមុខរបរ។ ទាំងនេះចូលរួមចំណែកដល់ការអភិរក្ស បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងអនាម័យបរិស្ថាន ឱ្យមានភាពស្អាតទាំងនៅលើដី លើមេឃ និងក្នុងទឹក»។ បន្ថែមពីនេះ ក៏មានការរៀបចំគោលដៅលំហែបៃតង ដែលដើរតួនាទីដ៏សំខាន់ ក្នុងការកាត់បន្ថយការដាក់សម្ពាធ លើធនធានធម្មជាតិ និងលើកកម្ពស់ការងារអភិរក្សធនធានធម្មជាតិផងដែរ។
លោករដ្ឋបានបន្ថែមថា ជំហានដំបូង ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមគ្នាសំអាតកោះស្រឡៅ ឱ្យបានស្អាតជាមុនសិន។ ក្នុងនោះមានការរៀបចំទុកដាក់បែងចែកសំរាមជាជីកំប៉ុស និងឡដុតសំរាមសំណល់ប្លាស្ទិកដោយប្រើប្រាស់សូឡា ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបោះសំរាមចោលផ្តេសផ្តាស ដើម្បីទប់ស្កាត់ការបំពុលទឹក ដី និងខ្យល់។
ជំហានបន្ទាប់ គឺការរៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលបម្រើដល់តម្រូវការចាំបាច់របស់ប្រជាសហគមន៍ដោយប្រើប្រាស់ថាមពលស្អាត។ ក្រៅពីនេះ ក៏មានការជំរុញ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈ ការចិញ្ចឹមពូជក្តាមធម្មជាតិ ការការពារ និងដាំស្តារឡើងវិញព្រៃកោងកាង និងដើមក្រវាញជាដើម។
លើសពីនេះ ការបង្កើតគោលដៅលំហែបៃតង ឬអេកូទេសចរណ៍ធម្មជាតិ មានលក្ខណៈស្តង់ដាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏មានរួមបញ្ចូល៕




























