Fresh Exclusive: ខណៈឱសានវាទកាន់តែជិតអស់ពេលវេលា៖ អាមេរិកនិង អ៊ីរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងដោយគ្មានភាគីណា ចង់ក្លាយជាអ្នកចាញ់ (Video inside)
22-05-2026 16:27
(ភ្នំពេញ)៖ ពេលវេលាសម្រាប់ទុកពេលឱ្យការទូតធ្វើការចរចាជាមួយ អ៊ីរ៉ង់ កាន់តែជិតអស់ពេល វេលាហើយ។ លោកដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃទី១៩ឧសភាថា សហរដ្ឋអាមេរិក ទុកពេល២ទៅបីថ្ងៃទៀត ដើម្បីឱ្យអ៊ីរ៉ង់ព្រមទទួលយកចំណុចចរចា ដែលអាមេរិកចង់បាន ក្នុងកិច្ចព្រមព្រៀង។
តើពេលនេះ កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៊ីរ៉ង់ បានឈានដល់កម្រិត ណាទៅហើយ? Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ខណៈឱសានវាទរបស់សហរដ្ឋអាមេរិកកាន់តែជិតអស់ពេលវេលា សង្គ្រាមអ៊ីរ៉ង់បានឈានដល់ដំណាក់កាលស្មុគស្មាញមួយ ដែលទាំងអាវុធគ្រាប់បែក ការចរចា សម្ពាធសេដ្ឋកិច្ច និងមុខមាត់នយោបាយ កំពុងប្រជែងគ្នារកច្រកចេញក្នុងពេលតែមួយ។ សហរដ្ឋ អាមេរិក ចង់បានកិច្ចព្រមព្រៀងមួយ ដែលអាចប្រកាសថាជាជ័យជម្នះ ខណៈ អ៊ីរ៉ង់ ក៏កំពុងស្វែងរកវិធីរក្សាអធិបតេយ្យភាពដោយមិនមើលទៅដូចជាអ្នកចាញ់ឡើយ។
ចំណុចសំខាន់នៅពេលនេះ មិនមែនថា តើមានការចរចាឬអត់ទេ។ ចំណុចសំខាន់គឺថា តើភាគីទាំងពីរអាចរក “ច្រកចេញដើម្បីរក្សាមុខ” បានឬអត់ មុនពេលសម្ពាធយោធា សេដ្ឋកិច្ច និងនយោបាយ នឹងអាចរុញសង្គ្រាមនេះ ឱ្យផ្ទុះធំជាងមុន។
*ឱសានវាទអាមេរិក កំពុងក្លាយជាអាវុធចរចា
សហរដ្ឋអាមេរិកបានប្រើឱសានវាទ ជាឧបករណ៍បង្ខំឱ្យអ៊ីរ៉ង់ជ្រើសរើស រវាងកិច្ចព្រមព្រៀង និងការប្រឈមមុខនឹងវិធានការយោធាថ្មី។ លោក Donald Trump បានព្រមានថា ប្រសិនបើអ៊ីរ៉ង់មិនផ្តល់ “ចម្លើយត្រឹមត្រូវ” ទេ ស្ថានការណ៍អាចផ្លាស់ប្តូរយ៉ាងលឿន ហើយអាមេរិកក៏បាន ត្រៀម “រួចរាល់” សម្រាប់ជម្រើសយោធា។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅពេលសម្ពាធយោធា ហាក់ដូចជាកំពុងកើនឡើង ការទូតក៏ត្រូវបានបើកទ្វារឡើងវិញ ក្នុងពេលតែមួយដែរ។ ផែនការវាយប្រហារថ្មីមួយរបស់អាមេរិកទៅលើអ៊ីរ៉ង់ ដែលត្រូវបានគេរាយការណ៍ថា គ្រោងដាក់ឈ្មោះថាប្រតិបត្តិការ ញញួរយក្ខ Operation Sledgehammer ត្រូវបានលោក Trump បញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រ ដូចជាប្រទេសកាតា, អារ់ាប់សាអ៊ូឌីត និង អារ៉ាប់អេមីរ៉ាត់បានស្នើឱ្យពន្យារពេល ដើម្បីទុកឱកាសឱ្យការទូត និងការចរចា ធ្វើកិច្ចការជាមុនសិន។
ចំណុចនេះបង្ហាញថា សហរដ្ឋអាមេរិក មិនទាន់បិទទ្វារការទូតទេ។ ផ្ទុយទៅវិញ អាមេរិកកំពុងប្រើ “សម្ពាធយោធា” និង “ពេលវេលាកំណត់” ជាឧបករណ៍បង្កើនអានុភាពចរចា។ និយាយម្យ៉ាងទៀត ឱសានវាទនៅពេលនេះ មិនមែនគ្រាន់តែជាការគំរាមសង្គ្រាមទេ ប៉ុន្តែជាយុទ្ធសាស្ត្រ “បង្កើនសម្ពាធ ដើម្បីបង្ខំឱ្យមានកិច្ចព្រមព្រៀង។
*សារធាតុ Uranium គឺជាចំណុចជាប់គាំងធំបំផុត
បញ្ហាស្នូលនៃការចរចា គឺការស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់របស់អ៊ីរ៉ង់។ លោក Trump បាននិយាយយ៉ាងច្បាស់ថា អាមេរិក នឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់រក្សាវាទេ ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិក ត្រូវតែយកសារធាតុអ៊ុយរ៉ានីញ៉ូមនោះ ដើម្បីធានាថា អ៊ីរ៉ង់មិនអាចបន្តអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរបានទៀត។។
ចំណុចនេះ បានធ្វើឱ្យការចរចាជួបបញ្ហាស្មុគស្មាញនិងជាប់គាំងកាន់តែខ្លាំង។ សម្រាប់សហ រដ្ឋអាមេរិក ការយក uranium ចេញពីដៃអ៊ីរ៉ង់ គឺជាភស្តុតាងនៃជ័យជម្នះ។ ប៉ុន្តែសម្រាប់អ៊ីរ៉ង់ វិញ ការប្រគល់វាក្រោមសម្ពាធអាមេរិក អាចត្រូវបានមើលថា ជាការចុះចាញ់និងបោះបង់ ចោលសិទ្ធិអធិបតេយ្យរបស់ខ្លួន។
ដោយសារតែបញ្ហានេះ កិច្ចព្រមព្រៀងណាមួយ ត្រូវតែដោះស្រាយនូវសំណួរមួយ៖ តើអាមេរិកអាចទទួលបានការធានាសន្តិសុខយ៉ាងដូចម្តេច ខណៈអ៊ីរ៉ង់អាចអះអាងថា ខ្លួនមិនបានបោះបង់អធិបតេយ្យភាពរបស់ខ្លួនចោល ឬចុះចាញ់ក្រោមសម្ពាធបរទេសទេនោះ?
*លោក Trump និង Netanyahu កំពុងមានគោលដៅខុសគ្នា
CNN បានបង្ហាញថា កិច្ចសន្ទនារវាងលោក Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មានភាពតានតឹង ព្រោះអ្នកទាំងពីរមានទស្សនៈខុសគ្នាចំពោះអនាគតសង្គ្រាម។ លោក Trump ចង់បន្តផ្តល់ឱកាសដល់ការទូត ខណៈលោក Netanyahu ជំរុញឱ្យបន្តសកម្មភាពយោធា។
នេះបង្ហាញពីភាពខុសគ្នាក្នុងយុទ្ធសាស្ត្រមួយដែលសហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀង ប៉ុន្តែអ៊ីស្រាអែលចង់បានការឈ្នះសង្គ្រាមដ៏ពេលលេញ។ លោក Netanyahu ជឿថា ការពន្យារពេល អាចផ្តល់អត្ថប្រយោជន៍ដល់អ៊ីរ៉ង់។ ប៉ុន្តែលោក Trump ហាក់មើលថា ការទុកពេលប៉ុន្មានថ្ងៃទៀតសម្រាប់ការទូត អាចជាវិធីបញ្ចប់សង្គ្រាមដោយរក្សាជីវិត និងកាត់បន្ថយតម្លៃនយោបាយក្នុងស្រុក។
*ប៉ាគីស្ថាន និង ប្រទេសក្នុងតំបន់ឈូងសមុទ្ទ កំពុងខ្នះខ្នែងបើកច្រកចេញការទូត
តួនាទីរបស់ប្រទេសប៉ាគីស្ថាន ពេលនេះ កំពុងមានសារៈសំខាន់យ៉ាងខ្លាំង។ CNN បានរាយការណ៍ថាក្រុងតេហេរ៉ង់ និង វ៉ាស៊ីនតោន បានបន្តផ្លាស់ប្តូរសាររវាងគ្នាតាមរយៈប៉ាគីស្ថានហើយអ៊ីរ៉ង់ កំពុងពិនិត្យមើលទស្សនៈរបស់អាមេរិកលើសំណើ ១៤ ចំណុចរបស់អ៊ីរ៉ង់។
នេះបង្ហាញថា ការចរចាមិនទាន់ឈានដល់ការទ័លច្រកទេ។ ផ្ទុយទៅវិញ វាកំពុងបន្តតាមបណ្តាញស្ងាត់។ Pakistan កំពុងដើរតួជា «ស្ពានដ៏សំខាន់»មួយ ខណៈ ប្រទេសក្នុងតំបន់ឈូង សមុទ្ទ កំពុងជំរុញឱ្យមានការបញ្ចប់សង្គ្រាម ព្រោះសង្គ្រាមបន្តអាចប៉ះពាល់ដល់ប្រេង ពាណិជ្ជកម្ម និងស្ថិរភាពតំបន់ទាំងមូល។
*ទីផ្សារប្រេងពិភពលោក មិនទាន់ជឿជាក់លើការរកសន្តិភាព
តម្លៃប្រេងឆៅ Brent បានឡើងដល់ប្រមាណ 104.96 ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI ឡើងដល់ប្រមាណ 98.08 ដុល្លារ។ ការឡើងថ្លៃនេះ បង្ហាញថា វិនិយោគិននៅតែមិនជឿថាការចរចាអាមេរិក-អ៊ីរ៉ង់ នឹងអាចក្លាយទៅជាកិច្ចព្រមព្រៀងឆាប់ៗបានឡើយ។
ក្នុងបរិបទនេះ ទីផ្សារពិភពលោកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់និងប្រុងប្រយ័ត្ន បំផុត។ ប្រសិនបើច្រក Hormuz នៅតែស្ថិតក្នុងភាពតានតឹង ឬបន្តមានការបិទផ្លូវដឹកជញ្ជួនប្រេង សម្ពាធលើតម្លៃថាមពល នឹងបន្តរាលដាលទៅកាន់សេដ្ឋកិច្ចពិភពលោក។
*សង្គ្រាមមុខមាត់ និង សម្តីបកស្រាយជ័យជម្នះ
ចំណុចជ្រៅបំផុតក្នុងវិបត្តិនេះ គឺភាគីទាំងអស់មិនចង់មើលទៅដូចជាអ្នកចាញ់។ លោកTrump ត្រូវការកិច្ចព្រមព្រៀងមួយ ដែលអាចនិយាយថា អាមេរិកបានបង្ខំឱ្យអ៊ីរ៉ង់ត្រូវចុះចាញ់។ ចំណែកអ៊ីរ៉ង់វិញ ត្រូវការកិច្ចព្រមព្រៀងមួយ ដែលអាចនិយាយថា ខ្លួនមិនបានចុះចាញ់ក្រោមសម្ពាធអាមេរិកឡើយ ខណៈ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu ត្រូវការលទ្ធផលមួយដែលអាចបង្ហាញថា អ៊ីស្រាអែល មិនអនុញ្ញាតឱ្យ អ៊ីរ៉ង់ ក្លាយជាមហាអំណាចនុយក្លេអ៊ែរឡើយ។ រីឯចំណែកប្រទេសក្នុងតំបន់ឈូងសមុទ្ទ កំពុងត្រូវការសន្តិភាពដើម្បីការពារសេដ្ឋកិច្ចក្នុងតំបន់។ ដោយឡែក សម្រាប់ប្រទេស Pakistan ក៏ត្រូវការបង្ហាញខ្លួន ថាជាអ្នកសម្រុះ សម្រួលអន្តរជាតិមួយដែលចង់ធ្វើកិច្ចការនេះប្រកបដោយជោគជ័យផងដែរ។
ដោយសារតែមូលហេតុនេះហើយ កិច្ចព្រមព្រៀងណាមួយ ដែលអាចកើតឡើង ប្រហែលជាមិនមែនជាកិច្ចព្រមព្រៀងដែលផ្តល់ជ័យជម្នះពេញលេញឱ្យភាគីណាមួយនោះទេ។ វាអាចជាកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យគ្រប់ភាគីរៀងៗខ្លួន មានភាសារបស់ខ្លួន ដើម្បីប្រកាសជ័យជម្នះទៅកាន់មតិសាធារណៈរបស់ខ្លួនតែប៉ុណ្ណោះ។
*សេចក្តីសន្និដ្ឋាន
សង្គ្រាមអ៊ីរ៉ង់នៅពេលនេះ គឺជាសង្គ្រាមប្រឆាំងនឹងពេលវេលា។ ពេលវេលាកំពុងសង្កត់លើ លោក Trump ព្រោះសេដ្ឋកិច្ចអាមេរិកកំពុងរងសម្ពាធ។ ពេលវេលា ក៏កំពុងសង្កត់លើអ៊ីរ៉ង់ ព្រោះឱសានវាទអាមេរិកកាន់តែជិតអស់ពេលវេលា។ ពេលវេលា កំពុងសង្កត់លើ អ៊ីស្រាអែល ព្រោះ លោក Netanyahu ខ្លាចថា ការចរចានឹងផ្តល់ឱកាសឱ្យអ៊ីរ៉ង់ រក្សាសមត្ថភាពនុយក្លេអ៊ែរ។ ហើយពេលវេលា ក៏កំពុងសង្កត់លើបណ្តាប្រទេសក្នុងឈូងសមុទ្ទ ពីព្រោះសង្គ្រាមបន្តអាចធ្វើឱ្យតំបន់ទាំងមូលរងគ្រោះធ្ងន់ធ្ងរ។
ហេតុនេះ ច្រកចេញដែលមានសមហេតុផលបំផុត អាចមិនមែនជា “ជ័យជម្នះពេញលេញ” របស់ភាគីណាមួយទេ។ វាអាចជាកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យ Washington និយាយថា ខ្លួនបានទប់ស្កាត់អ៊ីរ៉ង់។ អនុញ្ញាតឱ្យ Tehran និយាយថា ខ្លួនរក្សាអធិបតេយ្យភាព។ អនុញ្ញាតឱ្យ ប្រទេសក្នុងឈូងសមុទ្ទ និយាយថា ពួកគេបានជួយសង្គ្រោះតំបន់ពីសង្គ្រាមធំ។ ហើយក៏អនុញ្ញាតឱ្យពិភពលោក ដកដង្ហើមសម្រាក មុនពេលវិបត្តិមួយនេះរុញតម្លៃប្រេង, អតិផរណា និងសង្គ្រាមតំបន់ ឱ្យផ្ទុះលើសពីការគ្រប់គ្រង៕













