កូនក្រពើភ្នំ ជាសត្វជិតផុតពូជលើពិភពលោក ចំនួន១០ក្បាល បានលែងចូលក្នុងជម្រកធម្មជាតិ នៅដែនជម្រកសត្វព្រៃស្រែពក (Video inside)

22-05-2026 19:33

(មណ្ឌលគិរី)៖ ក្រពើភ្នំចំនួន១០ក្បាល ត្រូវបានលែងចូលទៅទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក កន្លែងជម្រកធម្មជាតិធ្លាប់មានវត្តមានរស់នៅក្រពើភ្នំ នាពេលកន្លងទៅ ដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំ ឱ្យមានការកើនចំនួនឡើងច្រើន។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីពិធីលែងក្រពើភ្នំ ជាប្រវត្តិសាស្រ្តក្នុងទន្លេស្រែពក នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ បានលើកឡើងថា កិច្ចការអភិរក្សក្រពើភ្នំប្រភេទសត្វជិតផុតពូជនៅលើពិភពលោក កន្លងទៅបានផ្តល់លទ្ធផលជាទីមោទនៈ ដោយបានបង្កើនពូជពង្សក្រពើភ្នំរស់នៅក្នុងប្រទេសកម្ពុជា និងពិធីលែងក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិនាពេលនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកអភិរក្ស ដៃគូសហការជាតិ និងអន្តរជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិ។

លោកបានបន្ថែមថា ការជ្រើសរើសទីតាំទន្លេស្រែពក ដោយផ្អែកលើទាំងភាពសមស្របផ្នែកអេកូឡូស៊ី និងសារៈសំខាន់យុទ្ធសាស្ត្រ នៅក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជា។ ការវាយតម្លៃវិទ្យាសាស្ត្របានបញ្ជាក់ថា តំបន់នេះនៅតែមានលក្ខខណ្ឌជម្រកសមស្រប រួមមានប្រព័ន្ធទឹកអចិន្ត្រៃយ៍ ព្រៃជាប់មាត់ទន្លេនៅស្ថានភាពល្អ និងធនធានអាហារគ្រប់គ្រាន់។ សំខាន់ជាងនេះ ការបញ្ជាក់អំពីការបន្តពូជ បង្ហាញថាក្រពើភ្នំនៅតែអាចរស់រាន និងបន្តពូជបាននៅក្នុងតំបន់នេះ។ តាមរយៈកិច្ចការទាំងនេះបានផ្តល់មូលដ្ឋានវិទ្យាសាស្ត្រដ៏រឹងមាំសម្រាប់ការស្តារឡើងវិញ និងបញ្ជាក់ពីភាពចាំបាច់នៃការអន្តរាគមន៍ ដើម្បីពង្រឹង និងស្តារចំនួនរបស់វា។

លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា បានថ្លែងថា៖ «ការលែងក្រពើភ្នំចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្ត បង្កើនចំនួនសត្វក្រពើភ្នំ នៅទន្លេស្រែពក ដើម្ពីធានាការរស់រានមានជីវិតរបសវា និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។

អាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ និងជនជាតិដើមភាគតិច មានការយល់ស្រប គាំទ្រ និងចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការលែងក្រពើភ្នំពូជសុទ្ធចូលទៅក្នុងទន្លេស្រែពក។

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគីរី បានឱ្យដឹងថារដ្ឋបាលខេត្តគាំយ៉ាងពេញទំហឹងនូវការលែងក្រពើភ្នំទាំងនេះ ទៅក្នុងទន្លេស្រែពក និងបន្តសហការចូលរួមការពារ និងអភិរក្សជីវៈចម្រុះឱ្យល្អសម្រាប់និរន្តរភាពបរិស្ថាន។

សូមបញ្ជាក់ថា ដោយមានការសហការរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) អង្គការWWF បនាសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរបរិស្ថានខេត្ត ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត ចំនួន១០ក្បាល ក្នុងក្រពើញីមានចំនួន៩ក្បាល ត្រូវបាននាំយកពីតំបន់ការពារសត្វភ្នំតាម៉ៅ មកលែងចូលទៅក្នុងទន្លេស្រែពក ខេត្តមណ្ឌលគិរី ដើម្បីធ្វើការការពារនិងអភិរក្សឱ្យបានល្អក្នុងធម្មជាតិ។

សម្រាប់អ្នកស្រុកជុំវិញទន្លេស្រែពក ក្រពើភ្នំត្រូវបានគេចាត់ទុកជាសត្វស្លូតបូត មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ ពួកវាថែមទាំងជាសត្វតំណាងឱ្យភាពស័ក្តិសិទ្ធិ ឬអ្នកថែរក្សាប្រភពទឹកទៀតផង។ កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណ ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ក្បាលប៉ុណ្ណោះ៕