សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងការទប់ស្កាត់ សកម្មភាពបទល្មើសនេសាទខុសច្បាប់នារដូវត្រីពង (Video inside)
22-05-2026 21:58
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង ស្របតាមគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអភិរក្សធនធានធម្មជាតិ និងជលផល។
ក្នុងសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ ក៏បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យពង្រឹងការផ្សព្វផ្សាយ ច្បាប់ស្តីពីជលផល ដើម្បីប្រជានេសាទ ចូលរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិដ៏សំខាន់សម្រាប់ទៅអនាគត។
សូមរំលឹកថា អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប។ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ដូចខាងក្រោម៖
* ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ
កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ
* ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។
នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទខ្នាតតូច ស្របតាម បទប្បញ្ញត្តិច្បាប់ស្តីពីជលផល៕


















