ឆ្មាំការពារព្រៃឈើ! ទោះជួបបញ្ហាច្រើន ក៏មិនអាចបង្អាក់ដំណើរបេសកកម្មការពារធនធានធម្មជាតិជាដាច់ខាត, សូមរួមគ្នាគោរពច្បាប់ ដើម្បីក្លាយជាពលរដ្ឋ ១រូប ជាអ្នកអភិរក្ស ១រូប (Video inside)

23-05-2026 07:54

(មណ្ឌលគិរី)៖ មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។ ខណៈមន្ត្រីឧទ្យានុរក្សប្រមាណ២០រូប បូករួមជាមួយក្រុមល្បាតសរុបប្រហែល៤០រូប កំពុងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានឈរជើងការពារដែនជម្រកសត្វព្រៃស្រែពក ដែលមានទំហំជាង៣៧ម៉ឺនហិកតា ដើម្បីបុព្វហេតុបរិស្ថាន។

ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅទីស្នាក់ការម្រើច នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក ស៉ិន សត្ថា ប្រធានរិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាំលៀ បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សបានបំពេញតួនាទីភារកច្ចជាប់ជាប្រចាំ ហើយក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦នេះ មន្ត្រីបានបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ បាន៣៤ករណី និងបញ្ជូនជនល្មើសទៅពន្ធនាគារចំនួន ៣នាក់ ព្រមទាំងបន្តស្រាវជ្រាវជនល្មើសដែលគេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ជាមួយគ្នានេះមន្ត្រីឧទ្យានុរក្ស ក៏បានដកហូតបានវត្ថុតាងមួយចំនួនផងដែរ។

មន្ត្រីឧទ្យានុរក្សរូបនេះ បានបន្តថា សម្រាប់បទល្មើសដែលកើតឡើងឡើងច្រើននៅក្នុងដែនជម្រកសត្វព្រៃ គឺការដាក់អន្ទាក់ ការបរបាញ់សត្វព្រៃ ហើយអ្វីដែលអាចនឹងបង្កគ្រោះថ្នាក់ធ្ងន់នោះ ក្រុមជនល្មើសភាគច្រើនប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិ, ពាក់កណ្តាលស្វ័យប្រវត្តិ និងអាវុធកែច្នៃ។ ចំពោះទង្វើរបស់ជនល្មើសវាមិនត្រឹមតែការបរបាញ់សត្វព្រៃនោះទេ ប៉ុន្តែវានឹងអាចបង្កគ្រោះថ្នាក់ដល់មន្ត្រីឧទ្យានុរក្សបន្ថែមទៀត។

ប្រធានរិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាំលៀ បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក៏បានលេចចេញនូវបទល្មើសថ្មីមួយទៀត គឺបទល្មើសជីកយករ៉ែដោយខុសច្បាប់ តែទោះជាយ៉ាងណាមន្ត្រីឧទ្យានុរក្ស ដែលកំពុងឈរជើងការពារក្នុងដែនជម្រកបានបង្ក្រាបដូចភ្លៀងរលឹម ខណៈ៥ខែដើមឆ្នាំ២០២៦ មនុស្សប្រមាណ១០០០នាក់ ត្រូវបានណែនាំអប់រំ និងទប់ស្កាត់។

ប្រធានរិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាំលៀ បានគូសបញ្ជាក់ថា៖ «បទល្មើសកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ការដឹកជញ្ជូនឈើ ការនេសាទខុសច្បាប់ ក៏ជាបញ្ហាប្រឈមក្នុងតំបន់របស់យើង តែបញ្ហាប្រឈមទាំងប៉ុន្មាននេះ មិនអាចរាំងស្ទះ បង្អាក់សកម្មភាពដល់មន្ត្រីឧទ្យានុរក្សយើងចុះអនុវត្តន៍ តួនាទីភារកិច្ច និងច្បាប់នោះទេ»។

លោក ស៉ិន សត្ថា បានបន្ថែមថា យោងតាមបទបញ្ជាការរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺត្រូវអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ ចំពោះជនល្មើសបំផ្លាញធនធានធម្មជាតិ ដោយគ្មានការលើកលែងជាដាច់ខាត។

«អ្វីដែលយើងចង់បាន និងដើម្បីឱ្យការងារអភិរក្សទទួលបានជោគជ័យ យើងឃើញថាប្រសិនបើប្រជាពលរដ្ឋរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិ និងក្បែរតំបន់ងាកមកឈប់ប្រព្រឹត្តបទល្មើស ងាកមកគោរពច្បាប់ ហើយចូលរួមជាមួយមន្ត្រីយើងទាំងអស់គ្នាមានន័យថាជាប្រជាពលរដ្ឋ ១រូប ជាអ្នកអភិរក្ស ១រូប អ៊ឹចឹងជួយការងារបានច្រើន»។

លោក ស៉ិន សត្ថា បានលើកឡើងថា តាមរយៈការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងគ្រប់ភាគីពាក់ព័ន្ធ បានក្លាយជាកម្លាំងដ៏ខ្លាំងក្លារុញច្រានឱ្យមន្ត្រីឧទ្យានុរក្សដែលមានចំនួនតិចអាចបំពេញការងារបានយ៉ាងល្អ មានទំនួលសុខត្រូវ និងជម្នះគ្រប់ឧបសគ្គនៅចំពោះមុខ។

បច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្សប្រមាណ ១០០០នាក់ កំពុងឈរជើងការពារ និងអភិរក្សធនធានធម្មជាតិលើតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេស។ កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជាដោយចែកជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ តំបន់រ៉ាមសា និង របៀងអភិរក្សជីវៈចម្រុះ៕