អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា អញ្ជើញបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា​ ១១០នាក់ ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន

23-05-2026 11:43

(ភ្នំពេញ)៖ ​លោក​ យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលបិទវគ្គ និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា​ សរុប ១១០នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង​ និងមានការអញ្ជើញចូលរួមពីលោកសាស្ដ្រាចារ្យ ហោ ប៉េង​ ប្រធានកិត្តិយសក្លឹបយុវជន​ និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង គណៈគ្រប់គ្រង មន្ដ្រី បុគ្គលិក ទីប្រឹក្សាយុវជន​ មកពីគ្រឹះស្ថានឧត្តមសិក្សា​ ២៤​ ក្នុងរាជធានីភ្នំពេញ​ យុវជនកាកបាទក្រហមកម្ពុជា​ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងកាយរឹទ្ធិជាតិកម្ពុជា​ សរុបប្រមាណ​ ២៥០នាក់ រសៀលថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០២៦។

ជាការចាប់ផ្ដើម​លោក កុយ កុសល​ ទីប្រឹក្សាយុវជន​ បានរាយការណ៍ពីសកម្មភាពនៃការផ្ដល់វគ្គបណ្ដុះបណ្ដាល​ជាមូលដ្ឋាន រយៈពេល ១ថ្ងៃកន្លះ ស្របតាមប្រធានបទសំខាន់ៗ វឌ្ឍនភាពរបស់សាកលវិទ្យាល័យ​ ប្រវត្តិនៃការបង្កើតក្លឹបយុវជន​និងសកម្មភាពលេចធ្លោរបស់យុវជនដែលបានអនុវត្តនាពេលកន្លងមក។ ជាពិសេសរំលេចនូវការពង្រឹងបណ្ដាញយុវជន ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ននេះ ដែលមានយុវជនសរុបមាណជា ១,៣០០នាក់ បាននឹងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ព្រមទាំងបំពេញការងារនៅតាមក្រសួង ស្ថាប័នធំៗ និងវិស័យឯកជនលើមុខដំណែងសសំខាន់ៗផងដែរ។

លោកសាស្ដ្រាចារ្យ ហោ ប៉េង​ ប្រធានកិត្តិយសក្លឹបយុវជន​ និងជាសាកលវិទ្យាធិការ បានថ្លែងនូវមតិស្វាគមន៍ និងសំណេះសំណាលជូនអង្គពិធី ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យ ដែលតែងតែជំរុញ លើកទឹកចិត្ត និងគាំទ្រជាថវិកា ធនធានរាល់សកម្មភាពលេចធ្លោនានារបស់យុវជនកាកបាទក្រហមកម្ពុជា ដើម្បីផ្ដល់ឱកាសឱ្យយុវជនក្លាយជាធនធានដ៏មានសារសំខាន់សម្រាប់គាំទ្របេសកកម្មមនុស្សធម៌ ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ស្ថិតក្នុងពិធីដ៏មានអត្ថន័យនេះ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា​​ បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ​និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កក្រក ព្រមទាំងអនុសាសន៍សំខាន់ៗមួយចំនួនរួមមាន៖

១៖ សូមបន្តពង្រឹងគុណភាព និងស្តង់ដាក្លឹបយុវជន ដែលជារួមត្រូវអនុវត្ត ឱ្យបានពេញលេញ និងមានផែនការសកម្មភាពប្រចាំឆ្នាំច្បាស់លាស់ និងត្រូវរៀបចំរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស ពិនិត្យវឌ្ឍនភាពការងារយុវជន ដោះស្រាយប្រឈម អនុវត្តន៍ផែនកាសកម្មភាព និងមានរបាយការណ៍ឆ្លុះបញ្ចាំងផែនការ
២.យុវជនទាំងអស់ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ក្លឹប និងត្រូវប្រើប្រាស់ឯកសណ្ឋានផ្លូវការ និងឯកសណ្ឋានពេលបំពេញការងាររបស់យុវជន ឱ្យបានត្រឹមត្រូវ។ ការប្រើប្រាស់ឯកសណ្ឋានផ្លូវការក្នុងពិធី ឬវេទិកាជាតិ/ខេត្ត ដោយឡែកចូលរួមសកម្មភាពមនុស្សធម៌ សង្គម ប្រើអាវសិស្សនិស្សិត ពណ៌ស ឬពណ៌ផ្ទៃមេឃ ស្បែងជើងប៉ាតា កន្សែងយុវជន មួក និង ឡូហ្គោកាកបាទក្រហមកម្ពុជា។
៣.យុវជនទាំងអស់ត្រូវពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងជំនាញសតវត្សទី២១ ដែលជាចំណុចសំខាន់ ដែលក្មួយៗត្រូវគិតគូរពីការបង្កើនវគ្គបំប៉នបំណិន ជំនាញទន់ មានដូចជាទំនាក់ទំនងសាធារណៈ, ការធ្វើការជាក្រុម, ការគិត ត្រិះរិះពិចារណា ដោយដើរទន្ទឹមនឹងការបណ្តុះបណ្តាល គុណធម៌ ចរិយាធម៌ ដែលក្មួយៗអាចរៀនតាមរយៈសកម្មភាពស្ម័គ្រចិត្ត ជាមួយកាកបាទក្រហមកម្ពុជា។
៤.យុវជនសូមពង្រីក និងធានានិរន្តភាពសកម្មភាព មិត្ត-ជួយ-មិត្ត និង មិត្ត-អប់រំ-មិត្ត ជាមួយមិត្តភ័ក្តិ មិត្តរួមសាលា និងសហគមន៍ជាប្រចាំ ដូចជាការលើកកម្ពស់សុខភាពសាធាណៈ, បរិស្ថាន, អាកាសធាតុ និងសុវត្ថិភាពចរាចរណ៍។ ជាមួយគ្នានេះ ត្រូវមានការបែងចែកវេនប្រចាំការ ក្រុមសង្គ្រោះបឋម, ក្រុមលើកកម្ពស់សុខភាព, លើកកម្ពស់បរិស្ថានបៃតង។ល។
៥.យុវជនត្រូវបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងគ្រប់គ្រងទិន្នន័យយុវជន នៅក្នុងក្លឹបយុវជនរបស់ខ្លួន រួមទាំងការបណ្តុះបណ្តាលផ្សព្វផ្សាយចែករំលែកចំណេះដឹងការទំនាក់ទំនង និងផែនការសកម្មភាពឱ្យបានទូលាយ។
៦.លើកទឹកចិត្ត ឱ្យសមាជិកយុវជនទាំងអស់បានចូលរួមសកម្មភាពមនុស្សធម៌ និងសង្គមឱ្យបានជាប្រចាំ និងគ្រប់ៗគ្នា និងមិនប៉ះពាល់ដល់ការសិក្សារបស់ក្មួយៗតាមរយៈការបែងចែកភារៈកិច្ច ពិគ្រោះយោបល់គ្នា និងឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំ។

ក្នុងពិធីនេះដែរក៏បានផ្ដល់ឃីតសង្គ្រោះបឋម ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា​ ផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គជូនតំណាងយុវជនថ្មីទាំងអស់ផងដែរ៕