អភិបាលខេត្តស្វាយរៀង នាំយកអំណោយជូនគ្រួសារសព និងកម្មករកម្មការិនី ដែលរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ

23-05-2026 13:09

(ស្វាយរៀង)៖ ក្រោយពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកម្មករក្រឡាប់មានអ្នកស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់, លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នក របួសទៅសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់បានដឹកទៅធ្វើបុណ្យតាមប្រពៃណី​ និងបានដឹកនាំសហការីចុះសួរសុខទក្ខ កម្មករ កម្មការនីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

លោក ប៉េង​ ពោធិ៍​សា​ បានពាំនាំនូវបណ្តាំផ្ញើការសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសំដែងនូវការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើងលើបងប្អូន កម្មករកម្មការនី និងជូនពរដល់អ្នករងរបួសទាំងអស់ ​ឆាប់ជាសះស្បើយ និងអាចវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ​ ដើម្បីប្រកបការងារចិញ្ចឹមជីវិតដល់ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ ក្នុងនោះចំពោះការសម្រាកព្យាបាល​ ស្នាក់នៅរបស់បងប្អូនកម្មករដែលរងរបួសកំពុងសម្រាកព្យាបាលនេះ​មិនចំណាយថវិកានោះទេ​។

លោកអភិបាលខេត្ត បាននាំយកនូវថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារ​សព ចំនួន ៥នាក់ ក្នុងម្នាក់ ១,០០០,០០០រៀល និងបានឧបត្ថម្ភកម្មករ កម្មការិនី ដែលរងរបួសធ្ងន់ ចំនួន៦នាក់ ក្នុងម្នាក់​ ៥០០,០០០រៀល ហើយបានឧបត្ថម្ភកម្មករ កម្មការិនីដែលរងរបួសស្រាល ចំនួន ២៩នាក់​ ក្នុងម្នាក់ ២០០,០០០រៀល។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ ២០២៦នេះ វេលាម៉ោង៦និង២៦នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍​បានកើតឡើងរវាងរថយន្តដឹកជញ្ជូនកម្មករ និយោជិត​ និងរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលបណ្តាលឱ្យជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)​៕