សមត្ថកិច្ច បង្ក្រាបករណីជួញដូរមនុស្សនៅទីតាំងអាជីវកម្ម២កន្លែង នៅក្បែរវត្តភ្នំ នាំខ្លួនមនុស្ស ៣៥នាក់ (ស្រី៣៤នាក់) និងជនសង្ស័យចំនួន១នាក់ ទៅសាកសួរ
23-05-2026 13:35
(ភ្នំពេញ)៖ កម្លាំងឈានមុខនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែងលើទីតាំងអាជីវកម្ម «កាទ្រីតប៊េន» និង «កាទ្រីតសេមសេម ១១០» (ផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ) ក្រោយរងការសង្ស័យថា បានលួចលាក់ធ្វើសកម្មភាពខុសច្បាប់ និងកេងប្រវ័ញ្ចលើស្ត្រី និងកុមារ។
ជាលទ្ធផលនៃកិច្ចអន្តរាគមន៍នេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការរំដោះស្ត្រី និងជនរងគ្រោះសរុបចំនួន ៣៥នាក់ (ស្ត្រី ៣៤នាក់) ឱ្យផុតពីហានិភ័យភ្លាមៗ ដោយបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមសហការជាមួយអង្គការដៃគូ ដើម្បីទទួលបានការថែទាំ គាំពារផ្នែកស្មារតី និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សំដៅស្តារកេរ្តិ៍ឈ្មោះ និងកសាងអនាគតថ្មីប្រកបដោយសេចក្តីថ្លៃថ្នូរ។ ស្របពេលជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជា «អ្នកគ្រប់គ្រង ឬមេការ» បញ្ជូនទៅនាយកដ្ឋានជំនាញ ដើម្បីចាត់វិធានការផ្ទុកទោសតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។
ប្រតិបត្តិការដ៏ជោគជ័យនេះ មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកឡើយ ប៉ុន្តែជាសក្ខីភាពនៃ «យុទ្ធនាការជាតិដ៏សកម្ម» ដែលបានលាតសន្ធឹងជាបន្តបន្ទាប់នៅតាមបណ្តាខណ្ឌគោលដៅយុទ្ធសាស្ត្រ ដូចជា ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌដូនពេញ ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២៦នេះ។
អ្នកជំនាញផ្នែកសន្តិសុខសង្គម បានវាយតម្លៃខ្ពស់ចំពោះរបត់ថ្មីនៃការអនុវត្តច្បាប់របស់កម្ពុជា ដែលបានវិវត្តន៍ឈានឡើងទៅជា «ការអនុវត្តច្បាប់ផ្អែកលើព័ត៌មានសម្ងាត់ ការវាយតម្លៃហានិភ័យជាមុន និងការសម្របសម្រួលអន្តរស្ថាប័នប្រកបដោយសហថាមពល» យ៉ាងមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍បូកសរុបការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជុះដូរមនុស្ស (គ.ជ.ប.ជ) កម្ពុជារកឃើញ និងចាត់វិធានការលើករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទបានសរុប ២៧២ករណី (កើនឡើង ៣៧ភាគរយ) នាំខ្លួនជនសង្ស័យមកទទួលខុសត្រូវចំពោះមុខច្បាប់ចំនួន ៤១០នាក់ និងបានជួយសង្គ្រោះជនរងគ្រោះរហូតដល់ ៩៩៤នាក់ (ក្នុងនោះមានអនីតិជន ២០៩នាក់)។ កំណើននៃទិន្នន័យបង្ក្រាបនេះ គឺជាសូចនាករវិជ្ជមានឆ្លុះបញ្ចាំងពីការពង្រឹងយន្តការស៊ើបអង្កេត ភាពវៃឆ្លាតក្នុងការក្តាប់ព័ត៌មាន និងការកើនឡើងនូវជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា។
តាមរយៈសកម្មភាពបន្តបន្ទាប់នេះ ស្ថាប័នមានសមត្ថកិច្ចបានបញ្ជាក់ជំហរម៉ឺងម៉ាត់ថា រាល់អាជីវកម្មដ្ឋាន ឬបុគ្គលណាដែលរំលោភលើ «បន្ទាត់ក្រហមនៃច្បាប់» នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ជាធរមាន ស្របតាមច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ព្រមទាំងវិធានការរដ្ឋបាលកម្រិតអតិបរមារួមមានការបិទទីតាំងអាជីវកម្មជាអចិន្ត្រៃយ៍ និងការបង្កកទ្រព្យសម្បត្តិដែលជាផលនៃបទល្មើស ដើម្បីធានាឱ្យបាននូវបរិស្ថានគំរូ និងសហគមន៍មានសុវត្ថិភាពទូទាំងរាជធានីភ្នំពេញ។
ចំណាត់ការក្តៅប្រកបដោយភាពហ្មត់ចត់នេះ ទទួលបានការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ មាតាបិតា និងអាជីវករស្របច្បាប់នៅក្នុងមូលដ្ឋាន ដោយពួកគាត់ចាត់ទុកថា វិធានការដាច់ខាតនេះគឺជាខែលការពារដ៏មានសារៈសំខាន់ ក្នុងការសម្អាតបរិយាកាសសង្គម និងរួមចំណែកយ៉ាងធំធេងក្នុងការបង្ការ ទប់ស្កាត់យុវជន និងកុមារឱ្យផុតពីហានិភ័យនៃការកេងប្រវ័ញ្ចគ្រប់ទម្រង់ សំដៅរួមគ្នាកសាងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ និងសុវត្ថិភាពខ្ពស់៕




















