អភិបាលស្រុកស្ទោង៖ ថវិកាគម្រោងជំនួយសេវាសង្គម របស់មូលនិធិឃុំ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើសុខទុក្ខពលរដ្ឋរងហានិភ័យ
23-05-2026 14:50
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងថា ថវិកាគម្រោងជំនួយសេវាសង្គមរបស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើសុខទុក្ខពលរដ្ឋរងហានិភ័យ។
លោក សាយ គឹមឡម ថ្លែងក្នុងពិធីចែកអំណោយជូនពលរដ្ឋរងហានិភ័យ និងរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ បងប្អូនប្រជាកសិករត្រូវសិក្សាស្វែងយល់បន្ថែម និងធ្វើការបផ្លាស់ប្ដូរទម្លាប់បុរាណមួយចំនួន ជាពិសេសការដាំដុះធ្វើស្រែប្រាំងជាមួយ ការប្រកបរបរអាជីវកម្ម ការធ្វើដំណាំចំការដាំដុះ ឬចិញ្ចឹមសត្វបែបលក្ខណវិទ្យាសាស្ត្រ បម្រែបម្រួលអាកាសធាតុ ព្រមទាំងឆ្លើយតបនឹងបរិបទសេដ្ឋកិច្ចសកល ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។
លោកលើកទឹកចិត្តឪពុកម្ដាយ អាណាព្យាបាលគ្រប់រូបត្រូវជំរុញលើកទឹកចិត្ត ដល់ការសិក្សារៀនសូត្រដល់បុត្រធីតា និងកូនចៅរបស់ខ្លួនឱ្យបានខ្ពង់ខ្ពស់ដើម្បីអនាគតខ្លួនឯង ជាពិសេសសមស្របតាមបរិបទសង្គមនិងវិទ្យាសាស្ត្រ ត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងប្រទេសជាតិទាំងមូលថែមទៀត។
លោក សាយ គឹមឡម ជំរុញគ្រប់អាជ្ញាធរឃុំត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋដល់មូលដ្ឋាន។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ៩០គ្រួសារ ដោយក្នុង១ គ្រួសាទទួលបាននូវ អង្ករ១បេ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ដោយឡែកបងប្អូនដែលបានរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់១៨គ្រួសារ ក្នុង១គ្រួសារទទួលបានកៅស៊ូតង់០១បន្ថែម៕




























