អភិបាលខេត្ដពោធិ៍សាត់ បង្ហាញផែនការឆ្លើយតបតម្រូវការជាក់ស្ដែង ដើម្បីសម្រួលដល់ការរស់នៅអតីតយុទ្ធជន និងនិវត្ដជន នៅភូមិ ប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង និងអភិវឌ្ឍភូមិនេះទៅភូមិ-ឃុំគំរូ (Video inside)

23-05-2026 14:52

(ពោធិ៍សាត់)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងបញ្ហាចំពោះមុខ ដែលអតីតយុទ្ធជន និងនិវត្ដជន រស់នៅលើទឹកដីប្រវត្ដិសាស្ដ្រក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដែលស្ថិតនៅក្នុងឃុំព្រងិល ស្រុកក្រវាញ ខេត្ដពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានបង្ហាញពីការផែនការឆ្លើយតបជូនដល់អតីតយុទ្ធជន និងនិវត្ដជន។

តាមរយៈកិច្ចសម្ភាសន៍ជាង៨នាទី ជាមួយអ្នកសារព័ត៌ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណោះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់អតីតយុទ្ធជន និងនិវត្ដជន ចំនួន ១,១៦៩គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង និងប្រគល់ផ្ទះបន្ថែមចំនួន១០០ខ្នង និងអណ្ដូងទឹកចំនួន ១២៥ទៀត នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ខូយ រីដា បានថ្លែងថា នេះជាប្រវត្ដិសាស្ដ្រសម្រាប់ប្រជាជនយើងនៅខេត្ដពោធិ៍សាត់ ពិសេសអ្នករស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដែលមានវត្ដមានរបស់មាតាមនុស្សធម៌ អញ្ជើញផ្ទាល់ចុះសួរសុខទុក និងប្រគល់ផ្ទះ និងអណ្ដូងជូនដល់អតីតយុទ្ធជន និងនិវត្ដជន នៅលើទឹកដីប្រវតិ្ដសាស្រ្ដនៃខេត្ដពោធិ៍សាត់។

លោកបានបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃបំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ លើផ្ទៃដីទំហំ ១.១០០ហិកតា ដើម្បីតបស្នងសងគុណនូវបំណាច់នៃការលះបង់ពលីសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនយើងជូនជាតិមាតុភូមិ ដែលមានភាពខ្វះខាត និងគ្មានលំនៅឋានរស់នៅ ។

លោក ខូយ រីដា បានបន្ដថា «មកទល់នឹងពេលនេះគឺបានសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្ដជន បានចំនួន ៩២០គ្រួសារហើយ និងមានជាបន្ដបន្ទាប់ទៀត។ដូច្នេះហើយយើងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ពិសេសពាក់ព័ន្ធនឹងតម្រូវការជីវភាពរស់នៅរបស់បងប្អូនយើង។ ឥលូវនេះទាំងសមាគមអតីតយុទ្ធជន និងនិវត្ដជន អាជ្ញាធរខេត្ដ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រុមការងាររាជរដ្ឋាភិបាល គឺកំពុងបន្ដយកចិត្ដទុកដាក់ និងប្ដេជ្ញាចិត្ដរៀបចំភូមិនេះទៅជាភូមិឃុំគំរូ ដែលត្រូវមានហេដ្ឋានរចនាសម្ព័ន្ធគ្រប់បែបយ៉ាង ហើយយើងរៀបចំការរស់នៅជូនពួកគាត់ប្រកបដោយចីរភាព»។ ទន្ទឹមនឹងនេះនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងបច្ចុប្បន្ននេះ នៅមានភាពខ្វះខាតលើបញ្ហាទឹក និងការនាំយកផលិតដែលអ្នកភូមិដែលបានបង្កបង្កើនផលលើទឹកដីរបស់ខ្លួន នាំចូលទៅកាន់ទីផ្សារក្នុងតម្លៃសមរម្យមួយ ។

ដើម្បីជ្រាបច្បាស់ពីផែនការដោះស្រាយចំណោះមុខ និងស្របតាមការស្នើឱ្យមានការយកចិត្ដទុកដាក់ខ្ពស់ដល់អតីតយុទ្ធជន និងនិវត្ដជន ពីអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរមិនរំលង។

សូមទស្សនាកិច្ចសម្ភាសទាំងស្រុងរបស់ លោក ខូយ រីដា ជាមួយអ្នកសារព័ត៌មានដូចតទៅ៖