លោកស្រី ម៉ែន នារីសោភ័គ បង្ហាញផែនការអភិវឌ្ឍបន្ថែម នៅក្នុងភូមិប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (Video inside)
23-05-2026 16:30
(ពោធិ៍សាត់)៖ ក្នុងឱកាសអមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក និងផ្តល់អំណោយជូនអតីតយុទ្ធជន និងនិវត្តជន ជាង១ពាន់គ្រួសារ និងប្រគល់ផ្ទះបន្ថែមចំនួន ១០០ខ្នង និងអណ្តូងទឹកចំនួន ១២៥ទៀត ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ការសាងសង់ផ្ទះ និងអណ្តូងទឹកនេះ គឺធ្វើឡើងជាការបង្ហាញនូវកតញ្ញូតាធម៌ គោរពនូវការដឹងគុណចំពោះយុទ្ធជនដែលចូលនិវត្តន៍ និងប្រជាជនចូលនិវត្តន៍ទូទៅ (សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា) ដែលបានលះបង់ជីវិត ដើម្បីការពារបូរណភាពទឹកដី សេចក្តីសុខ និងសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយើង ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូល។
មួយវិញទៀតជាបង្ហាញនូវកាយកចិត្តទុកដាក់ ទៅលើអ្នកដែលមានពិការភាព ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយ អ្នកមានជំងឺ និងកុមារកំព្រាជាដើម ដែលជាមុខសញ្ញាអាទិភាពមួយរបស់កាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ ហើយក៏ជាការចូលរួមចំណែកមួយជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់គិតគូរជួយដោះស្រាយទីលំនៅ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។
តាមរយៈកិច្ចសម្ភាសជាង២១នាទី លោកស្រីបានថ្លែងបន្តថា «ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង» មានអាយុកាល ៥ឆ្នាំ ៣ខែហើយ។ ដោយសារតម្រូវការកើនឡើងគម្រោងបានពង្រីកដីថ្មីជាង ៨០០ហិកតា សម្រាប់ការសាងសង់ផ្ទះសរុបចំនួន ៣០០ ខ្នងបន្ថែមទៀត។ ការរៀបចំភូមិថ្មីនេះមានលក្ខណៈខុសប្លែកពីភូមិចាស់ (ដែលពីមុនដីផ្ទះ និងដីចំការនៅរួមគ្នាលើទំហំ ៧០ម x ១៥០ម) ដោយឡែកភូមិថ្មីនេះ កំណត់ទំហំដីផ្ទះតូចជាងមុន (ដោយ១០០ខ្នង ទំហំ៣០ម x ៤០ម និង២០០ខ្នងទៀត ទំហំ៧០ម x ៧០ម) រួចបំបែកដីចំការទៅដោយឡែកពីគ្នា។ ការធ្វើបែបនេះដើម្បីកាត់បន្ថយការចំណាយថវិកា លើការកសាងហេដ្ឋារចនាសម្ព័ន្ធច្រើន និងងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងប្រជាជននៅក្នុងភូមិ។
លោកស្រី ម៉ែន នារីសោភ័គ បានបន្ថែមទៀតថាទន្ទឹមនឹងការបង្កើតភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹងនេះ យើងក៏បានបង្កើតឱ្យមានអ្នកស្ម័គ្រចិត្តចំនួន ២៥នាក់ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា បានចូលរួមបំពេញការងារយ៉ាងសកម្ម។ ក្រុមស្ម័គ្រចិត្តនេះ បានសហការជាមួយប្រជាការពារភូមិ ក្នុងការរាយការណ៍ព័ត៌មាន និងទប់ស្កាត់ការរាលដាលនៃភ្លើងឆេះព្រៃនារដូវប្រាំង ព្រមទាំងចូលរួមអប់រំផ្សព្វផ្សាយអំពីអនាម័យ ការប្រើប្រាស់ទឹកស្អាត សុខភាពមាតា ទារក និងកុមារផងដែរ។
លោកស្រីអគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថាបើទោះបីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានមកដោយផ្ទាល់ក្នុងការប្រគល់ផ្ទះលើកទី១ លើកទី២ កាលពីកន្លងទៅក៏ដោយ ប៉ុន្តែសម្ដេចប្រធានតែងតែសួរសុខទុក្ខ និងផ្ដាំផ្ញើក្ដីនឹករលឹកដល់ប្រជាពលរដ្ឋតាមទូរសព្ទរបស់លោក ម៉ៅ ធនិន ជាប់ជានិច្ច។ ហើយការអញ្ជើញចុះមកដោយផ្ទាល់របស់សម្តេចប្រធានលើកនេះ គឺធ្វើឡើងក្នុងឱកាសខួបទី១៩ នៃទិវាអតីតយុទ្ធជន និងនិវត្តជន ដែលស្របតាមអនុសាសន៍របស់សម្ដេចធិបតី (នាយករដ្ឋមន្ត្រី) ក្នុងការចាត់ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធចុះសួរសុខទុក្ខបងប្អូននិវត្តជន និងជនពិការនៅថ្នាក់ក្រោមជាតិ។
សម្ដេចប្រធានតែងតែតាមដានដោះស្រាយបញ្ហាខ្វះខាតទឹក (ជាពិសេសរដូវប្រាំង)។ ដើមឡើយអណ្ដូងទឹកដែលផ្ដល់ដោយលោក ម៉ៅ ធនិន និងមន្ទីរអភិវឌ្ឍន៍ជនបទមានជម្រៅរាក់ ធ្វើឲ្យខ្វះខាតទឹក។ ក្រោយមកមានការផ្ដល់អណ្ដូងទឹកជ្រៅៗបន្ថែម រួមមាន៖ ១១២អណ្ដូង តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា (ក្នុងនាមសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត), អណ្ដូងចំនួន ១២៥ ពីកាកបាទក្រហមកម្ពុជា បន្ថែមពីលើអណ្ដូងចំនួន ៦០០ដែលបានផ្តល់រួចតាមរយៈលោកអភិបាលខេត្ត (ដែលជាកញ្ចប់ថវិការបស់កាកបាទក្រហមកម្ពុជា)។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា៕
ដើម្បីជ្រាបច្បាស់ជុំវិញផែនការអភិវឌ្ឍបន្ថែម នៅក្នុងភូមិប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមទស្សនាកិច្ចសម្ភាសជាមួយលោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖
































