រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញលទ្ធផលប្រតិបត្តិការ ចុះត្រួតពិនិត្យរដ្ឋបាលនៅអគារចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត

23-05-2026 19:14

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញលទ្ធផលប្រតិបត្តិការ ចុះត្រួតពិនិត្យរដ្ឋបាលនៅអគារចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ជាលទ្ធផលពុំមានសម្ភារ សង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះទេ នៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួម ពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលនៅអគារចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត៖

* ទីតាំងទី១ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត មាន៩អគារ ស្មើ៤០៦បន្ទប់ សាលប្រជុំមានចំនួន៤៩ មានកន្លែងហាត់ប្រាណ១ជាន់ផ្ទាល់ដី និងអគារអាហារដ្ឋានចំនួន២ ពុំមានជនបរទេសស្នាក់នៅ ។
* ទីតាំងទី២ ស្ថិតនៅភូមិសាមគ្គីមានជ័យ អគារមានកម្ពស់៧ជាន់ ៤២បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនបរទេសស្នាក់នៅ២៥នាក់ស្រី៥នាក់ ២សញ្ជាតិ ឥណ្ឌូ២៤នាក់ស្រី៥នាក់ និងភីលីពីន១នាក់ប្រុស ។
* ទីតាំងទី៣ អគារកម្ពស់៩ជាន់ ៤៥បន្ទប់ មានជនជាតិចិនស្នាក់នៅ១០នាក់ ស្រី១នាក់ ក្នុងនោះចិន២នាក់ប្រុស ពុំមានឯកសារ បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរបន្ដនីតិវិធី។

ចំពោះទីតាំងទាំង៣ ពុំមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រុមការងារបានអប់រំណែនាំអំពីច្បាប់ ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យ០៣ និងធ្វើកិច្ចសន្យា៕