ប្រោសព្រះរាជទានលើកលែងទោស ធ្វើឱ្យដំណើររឿងលោក កឹម សុខា ប្រែពីការអាណិត មកជាក្តីសាទរ (Video inside)
26-05-2026 12:58
(ភ្នំពេញ)៖ ព្រះរាជក្រឹត្យប្រោសព្រះរាជទានលើកលែងទោសជូនលោក កឹម សុខា ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ បានក្លាយទៅជាព្រឹត្តិការណ៍ដ៏កក្រើកក្នុងឆាកនយោបាយនៅកម្ពុជា នាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីទទួលបានប្រជាប្រិយភាពខ្លាំងក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតំណាងរាស្ត្រឆ្នាំ២០១៣ បានពើបប្រទះនឹងក្តីក្តាំប្រព្រឹត្តទង្វើក្បត់ជាតិ រហូតឈានទៅដល់ការឃាត់ខ្លួននាកណ្តាលអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីវីដេអូមួយដែលលោក កឹម សុខា បាននិយាយសារភាពកាលពីខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។
ក្រោយការឃាត់ខ្លួន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ»។
បន្ទាប់ពីឃុំខ្លួនអស់រយៈពេលច្រើនឆ្នាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សវនាការពិភាក្សាដេញដោលលើសំណុំរឿងរបស់លោក កឹម សុខា ក៏ត្រូវបានចាប់ផ្តើម។ សវនាកាបានធ្វើឡើងចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមតាមដានពីសំណាក់ អ្នកនយោបាយអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងបណ្តាមន្ត្រីទូតនានាប្រចាំនៅកម្ពុជា។
បន្ទាប់ពីសវនាកាដេញដោលដ៏ផុលផុសនោះ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ និងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ។
សាលក្រមផ្តន្ទាទោសរបស់សាលាដំបូង ត្រូវបានលោក កឹម សុខា ជំទាស់ ហើយតាមរយៈមេធាវីការពារក្តីរបស់លោក បានសម្រេចប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចនេះ។ គិតចាប់តាំងពីឆ្នាំ២០២៤មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញនោះចំនួនជាង១០លើក។ តែស្ថិតនៅដំណាក់កាលនៃការចេញសេចក្តីសន្និដ្ឋានរឿងសាលាឧទ្ធរណ៍ភ្នំពេញ បានលើកពេលជាច្រើនលើក និងផ្អាកជាច្រើន ក្រោមហេតុផលប្រទេសជាតិជួបបញ្ហាផ្សេងៗ។
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សំណុំរឿងរបស់លោក កឹម សុខា ក៏ត្រូវបានសាលាឧទ្ធរណ៍លើកមកជំនុំជម្រះ។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងផ្តន្ទាទោសបន្ថែម ដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ។
ក្រោយការប្រកាសរបស់សាលាឧទ្ធរណ៍ ដំណើរជីវិត និងសំណុំរឿងរបស់លោក កឹម សុខា ហាក់បានត្រឡប់ទៅស្ងប់ស្ងាត់មិនសូវជាមានការចាប់អារម្មណ៍ច្រើននោះឡើយនៅក្នុងសង្គមកម្ពុជា ព្រោះថាពលរដ្ឋកម្ពុជាភាគច្រើនបំផុតកំពុងផ្តោតលើព្រឹត្តិការណ៍សង្គម ជាពិសេសសំណុំរឿងព្រំដែនកម្ពុជា និងថៃ។
ប៉ុន្តែនៅរាត្រីថ្ងៃទី១៩ ខែឧសភា ដំណើរជីវិតរបស់លោក កឹម សុខា បានផ្ទុះកក្រើកជាថ្មីក្នុងសង្គមខ្មែរ តាមរយៈវីដេអូឃ្លីបមួយមួយ ដែលលោកបាននិយាយទៅកាន់ម្តាយតាមរយៈបណ្តាញសង្គម។ លោក កឹម សុខា បានហៅឱ្យម្តាយជរាជន្មាយុ ១០១ឆ្នាំ និងមានសុខភាពទ្រុឌទ្រោមបើកភ្នែកសំឡឹងលោក និងសុំឱ្យរង់ចាំលោករូបលោក សុំការអនុញ្ញាតពីសមត្ថកិច្ច ពីតុលាការ ដើម្បីបានទៅជួបមុខ។
វីដេអូមួយឃ្លីបនោះ បូករួមជាមួយហេតុការណ៍នៃការចូលទៅសួរសុខទុក្ខម្តាយដែលទទួលបានការអនុញ្ញាតត្រឹមរយៈពេលមួយម៉ោង ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពីមហាជន ហើយមានការសម្តែងក្តីអាណិតអាសូរចំពោះលោកជាខ្លាំង។ មានមហាជនខ្លះ ក៏បានសម្តែងសមានចិត្តចង់ឱ្យមានការផ្តល់ឱកាសឱ្យរូបលោកមានសេរីភាព បានរស់នៅជួបជុំជាមួយម្តាយជរាក្នុងគ្រាចុងក្រោយ។
ខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មិនថាពលរដ្ឋសាមញ្ញ ឬអ្នកនយោបាយនោះទេ តែងមានក្តីមេត្តា ករុណា ការសណ្តោសប្រណីយ៉ាងទូលំទូលាយ។ បើទោះមានរឿងរ៉ាវធំជាងមហាសាគរក៏ដោយ ក៏មិនអាចធំស្មើនឹងក្តីអាណិតអាសូរនោះឡើយ។ ពិតជាដូច្នោះមែន ក្រោយពីព្រឹត្តិការណ៍នេះរំលងទៅបានប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីសំណុំរឿងលោក កឹម សុខា ចូលជាស្ថាពរ ហើយគ្មានការប្តឹងជំទាស់បន្តទៅកាន់តុលាការកំពូលនោះ នៅយប់ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ គេបានឃើញព្រះរាជក្រឹត្យលើកលែងទោសជូនលោក កឹម សុខា ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះមហាក្សត្រ តាមរយៈការទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ព្រះរាជក្រឹត្យប្រោសព្រះរាជទានលើកលែងទោសជូនលោក កឹម សុខា បើទោះបីមិនគ្របលើទោសទាំងអស់ ពោលត្រឹមមានសេរីភាពដើរហើរក្នុងប្រទេស បន្តហាមឃាត់សិទ្ធិធ្វើនយោបាយ និងចេញក្រៅប្រទេសយ៉ាងណាក្តី តែប្រជាពលរដ្ឋខ្មែរ រួមទាំងអ្នកនយោបាយជំទាស់ផងដែរ បានសម្តែងការសាទរយ៉ាងខ្លាំង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអ្នកទូលថ្វាយព្រះមហាក្សត្រ សូមព្រះរាជទានលើកលែងទោស បានរំលេចលើទំព័រហ្វេសប៊ុកថា ការប្រោសព្រះរាជទានលើកលែងទោសនេះ ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។
ដោយឡែកលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ព្រះរាជទានលើកលែងទោសនេះ ជាការបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគុណធម៌នយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន មាណែត ដែលបានស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក គឹម សុខា។
«ព្រះរាជទានលើកលែងទោសកើតឡើងនៅក្នុងពេលលោក កឹម សុខា កំពុងមានទុក្ខដោយសារម្ដាយរបស់លោកស្ថិតក្នុងស្ថានភាពចាស់ជរា ក្នុងដំណាក់កាលចុងក្រោយដែលតម្រូវឱ្យលោក កឹម សុខា មានពេលវេលា មានឱកាសក្នុងការថែទាំម្ដាយរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយ។ រឿងច្បាប់វាជារឿងមួយ ក៏ប៉ុន្តែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាពដែលម្ដាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយកូនមានទោសទៀតនោះ គឺជារឿងដែលសម្ដេចមហាបវរធិបតីមិនចង់ឃើញ។ ហេតុនេះហើយ ទើបសម្តេចស្នើឱ្យមានការលើកលែងនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជា ធីរិទ្ធ។
អ្នកនាំពាក្យសម្តេចតេជោបន្ថែមថា ការលើកលែងទោសនេះទៀតសោត ក៏បានឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការពង្រឹងនូវការសាមគ្គីជាតិ ការផ្សះផ្សារជាតិដែលកើតចេញអំពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគឺគុណធម៌របស់អ្នកជំនាន់ក្រោយនេះតែម្ដង ដែលគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរចង់ឃើញ និងចង់បានហើយកំពុងតែសាទរ។
គណបក្សភ្លើងទៀន និងឆន្ទៈខ្មែរ ដែលជាគណបក្សជំទាស់នៅកម្ពុជា ក៏បានសម្តែងការសាទរ។ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ យល់ឃើញថា នេះគឺជាការវិវត្តមួយដែលប្រជាពលរដ្ឋខ្មែរ តែងតែប្រាថ្នាចង់ឃើញការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ និងការផ្សះផ្សាជាតិពិតប្រាកដ។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សង្ឃឹមថា ការលើកលែងទោសនេះនឹងក្លាយជាចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់ការបើកលំហប្រជាធិបតេយ្យ ការស្ដារឡើងវិញនូវសិទ្ធិសេរីភាពនយោបាយ ការគោរពពហុនិយម និងការផ្សះផ្សាជាតិដោយសន្តិវិធី។
បន្ថែមពីលើសេចក្តីថ្លែងការណ៍នេះ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានរំលេចលើទំព័រហ្វេសប៊ុកដោយហៅការលើកលែងទោសនេះ ជាគុណធម៌នយោបាយ។
អ្នកនាង ស៊ីន រ៉ូហ្សេត សកម្មជនបក្សប្រឆាំងមានប្រជាប្រិយភាពមួយរូបនៅក្នុងខេត្តបាត់ដំបង ក៏បានចេញមកសាទរ និងសម្តែងក្តីរីករាយ។
គណបក្សខ្មែរជំនាន់ថ្មីរបស់លោក មាជ សុវណ្ណារ៉ា បានហៅព្រឹត្តិការណ៍នេះ ជាពេលវេលាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងគ្រាដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពាន ហើយក៏ជាពេលវេលាទន្ទឹងរង់ចាំដោយអន្ទះសារពីលោក កឹម សុខា ក្រុមគ្រួសារ និងសាច់ញាតិ។
គណបក្សខ្មែរជំនាន់ថ្មី ជឿជាក់ថា ស្មារតីនៃការទទួលបានសេរីភាពនេះ នឹងក្លាយជាកាតាលីករ និងជាជំហានវិជ្ជមានមួយដ៏សំខាន់ក្នុងការជំរុញបរិយាកាសនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនទៅមុខ។
អ្នកនយោបាយមកពីអតីតគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺលោក ម៉ៅ មុនីវណ្ណ បានហៅការលើកលែងទោសជូនលោក កឹម សុខា គឺជាពន្លឺនៃការផ្សះផ្សារជាតិ។ លោក បានបន្តថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី មានសមានចិត្តធំធេង និងស្មោះសរឧត្តុង្គឧត្តមសម្រាប់អ្នកជំនាន់ក្រោយយកគំរូតាម។ ទោះបីឈ្លោះគ្នាយ៉ាងណា ក៏ត្រូវចេះអត់ឱនឱ្យគ្នា គោរពគ្នា ស្រឡាញ់រាប់អានគ្នា។
លោក ពេជ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាត់ទុកការការប្រោសព្រះរាជទានលើកលែងទោសជូនលោក កឹម សុខា ជាមហាសាមគ្គីជាតិខ្មែរពេញលេញ ស្របពេលប្រទេសជាតិ រងការឈ្លានពានទឹកដីពីបរទេស។ លោក ពេជ ស្រស់ ចាត់ទុកព្រឹត្តិការណ៍នេះ ក៏ជាការឆ្លុះបញ្ចាំងពីនយោបាយខ្មែរដ៏មហារឹងមាំនៅពេលអ្នកនយោបាយខ្មែរគ្រប់និន្នាការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជាតិ។
មតិដែលបានលើកយកមកបង្ហាញនេះ គ្រាន់តែមួយផ្នែកតូចប៉ុណ្ណោះ នៅមានមតិច្រើនណាស់ ត្រូវបានរំលេចឡើងទាំងលើបណ្តាញសង្គម និងក្រៅបណ្តាញសង្គម។ មតិនោះភាគច្រើនបំផុត សុទ្ធតែបានសាទរចំពោះដំណើរវិវត្តថ្មីនៃឆាកនយោបាយកម្ពុជា ជាពិសេសពាក់ព័ន្ធជីវិតនយោបាយរបស់លោក កឹម សុខា។
ក្រៅពីការសាទរចំពោះលោក កឹម សុខា គេក៏បានមើលឃើញពីទឹកចិត្តប្រកបដោយការអត់ឱន យោគយល់របស់អ្នកនយោបាយខ្មែរ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកនយោបាយជំនាន់ថ្មី តែមានក្តីអនុគ្រោះ និងការផ្សះផ្សារជាតិខ្ពស់។
សរុបសេចក្តីមុខព្រះរាជក្រឹត្យប្រោសព្រះរាជទានលើកលែងទោសចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលជាអ្នកនយោបាយយកការផ្សះផ្សារជាគោលនោះ បានធ្វើឱ្យមហាជនទាំងមជ្ឈដ្ឋានអ្នកនយោបាយ និងមិនមែនជាអ្នកនយោបាយ ប្រែពីក្តីអាណិតអាសូរជ្រាលជ្រៅចំពោះលោក កឹម សុខា មកជាការសាទរក្រៃលែងចំពោះស្មារតីនៃការផ្សះផ្សារជាតិកម្ពុជា ដែលជាបំណងប្រាថ្នាដ៏មុតមាំរបស់ប្រជាជាតិកម្ពុជា។
បើទោះបីជាយ៉ាងណាព្រះរាជក្រឹត្យប្រោសព្រះរាជលើកលែងទោសជូនលោក កឹម សុខា ប្រហែលមិនមែនជាទីប្រាថ្នារបស់អ្នកនយោបាយប្រឆាំងដ៏ងុបងល់មួយចំនួននៅក្រៅប្រទេសនោះទេ។ មិនជាទីប្រាថ្នា ក៏ព្រោះថា សំណុំរឿងលោក កឹម សុខា ប្រៀបដូចជាល្បោយ និងជាលេសជាទុន សម្រាប់ដាក់បន្ទុករិះគន់និន្ទាចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោក កឹម សុខា មានសេរីភាពទៅហើយ ពួកគេក៏លែងបានតាមតោងស៊ីពែយកមុខមាត់លើរឿងលោក កឹម សុខា ទៀតនោះដែរ៕














