មន្ត្រីជាន់ខ្ពស់ CDC គូសរំលេចពីការបង្កបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា ក្នុងវេទិកាផ្គូផ្គងការផ្គត់ផ្គង់សកល នៅទីក្រុងឆុងឈីង ប្រទេសចិន
26-05-2026 14:09
(ឆុងឈីង)៖ គណៈប្រតិភូកម្ពុជារួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.-CDC) សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា-ចិន អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាចំនួន៩ កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពីការវិនិយោគនិងពាណិជ្ជកម្មចិនភាគខាងលិច (8th WCIFIT) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្ត្រអភិវឌ្ឍន៍ភាគខាងលិច និងរង្វង់សេដ្ឋកិច្ចឆឹងទូ-ឆុងឈីង ដើម្បីផ្គូផ្គងភាពជាដៃគូ ការតភ្ជាប់សកល និងការពង្រឹងឥទ្ធិពលឧស្សាហកម្ម ផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ យានយន្តភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ, គ្រឿងបង្គុំយានយន្ត, ការកែច្នៃផលិតផលកសិកម្ម, ភស្តុភារកម្មទំនើប, សុខាភិបាល, និងថាមពលបៃតង។
នៅក្នុងពិធីបើកវេទិការនេះ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងការបង្កបរិយាកាសដ៏រស់រវើកជាមួយកិច្ចសម្រួលវិនិយោគ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកអគ្គលេខាធិការរង បានគូសរំលេចពីការបង្កបរិយាកាសវិនិយោគអំណោយផល តាមរយៈការអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានការកាន់កាប់សិទ្ធិវិនិយោគ ១០០% អនុញ្ញាតឱ្យមានលំហូរប្រាក់ដោយសេរី ការពារពីការធ្វើជាតូបនីយកម្ម និងគ្មានការរើសអើងចំពោះវិនិយោគិនបរទេស។ ជាងនេះទៅទៀត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញរហូតដល់ ៩ឆ្នាំ ការលើកលែងពន្ធគយ ពន្ធអាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ធុករដ្ឋ សម្រាប់សកម្មភាពវិនិយោគដែលភ្ជាប់ការស្រាវជ្រាវ-អភិវឌ្ឍន៍ ការអភិវឌ្ឍធនធានមនុស្ស និងឧស្សាហកម្មគាំទ្រ ជាដើម។ល។
កម្ពុជាបានធ្វើទំនើបកម្ម និងសាមញ្ញកម្មការផ្តល់សេវាសាធារណៈជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ដោយបានប្រែក្លាយនីតិវិធីចុះបញ្ជីវិនិយោគបែបប្រពៃណីលើក្រដាស ទៅជាឌីជីថលពីចម្ងាយ ទូទាត់តាមឌីជីថលកាត់បន្ថយការជួបផ្ទាល់ និងការចំណាយមិនចាំបាច់នានា។ ធ្វើឱ្យឯកសារឌីជីថលទាំងនេះមានតម្លៃជាឯកសារច្បាប់ដើម និងមានផ្ទុកព័ត៌មានចាំបាច់ពីការវិនិយោគរបស់ក្រុមហ៊ុន។ ប្រព័ន្ធ cdcIPM នេះ មានសមត្ថភាពកត់ត្រាដំណើរការការងាររបស់មន្ត្រីអន្តរក្រសួង-ស្ថាប័នជាឌីជីថល និងផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចតាមដានគ្រប់ដំណាក់កាលនៃការផ្តល់សេវា តាមរយៈការស្គេន QR Code លើវិក្កយបត្របង់ប្រាក់ ព្រមទាំងការជូនដំណឹងតាមរយៈ E-mail និង Telegram ផងដែរ។
ក្រៅពីការទាក់ទាញវិនិយោគ និងសម្រួលនីតិវិធីនានា កម្ពុជាក៏បានយកចិត្តទុកដាក់លើការពិគ្រោះយោបល់ និងការដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន ជាមួយយន្តការនៃកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD) ដោយមានការសហការយ៉ាងជិតស្និតជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ តាមរយៈទិន្នន័យនៃចំនួនវិនិយោគពីបរទេសនៅកម្ពុជា បានបង្ហាញឱ្យឃើញថាការវិនិយោគពីប្រទេសចិនមានចំនួនខ្ពស់ និងនៅតែបន្តកើនឡើង។ តួលេខនេះបានបង្ហាញពីទំនុកចិត្តដ៏មុតមាំរបស់វិនិយោគិនចិន មកលើបរិយាកាសវិនិយោគ និងរាជរដ្ឋាភិបាលកម្ពុជា។
មុននឹងបញ្ចប់លោក ហ៊ាង សុទ្ធាយុត្តិ បានយកឱកាសនៃវេទិកានេះធ្វើការអញ្ជើញសហគ្រិន អ្នកផ្គត់ផ្គង់ និងវិនិយោគិនចិនទាំងអស់ ពិចារណាលើការជ្រើសរើសកម្ពុជា ជាគោលដៅបន្ទាប់សម្រាប់ការវិនិយោគរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ពីការតភ្ជាប់ទៅទីផ្សារក្នុងតំបន់អាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់ និងទៅកាន់សកលលោក។
គួរឱ្យកត់សម្គាល់ដែរថា នៅក្នុងវេទិកាផ្គូផ្គងនេះក៏មានក្រុមហ៊ុនសហគ្រាសមួយចំនួន បានចូលមកសាកសួរព័ត៌មាន និងធ្វើការប្រឹក្សាយោបល់នៅនឹងកន្លែង តាមបណ្តាតុរបស់ក្រុមការងារគណៈប្រតិភូរបស់កម្ពុជាផងដែរ៕


















