រដ្ឋមន្ត្រី កែវ រតនៈ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនកងទ័ព នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ដែលភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយក្រសួង

26-05-2026 15:32

(កំពង់ស្ពឺ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខថ្នាក់ដឹកនាំនាយទាហាន យោធាចារ្យ នាយទាហានរង និងសិក្ខាកាម ពលទាហានថ្មី នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ ក្នុងចំណោមអង្គភាពសម្ព័ន្ធមេត្រីភាពទាំង៨ ជាមួយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា។

លោករដ្ឋមន្ត្រីលើកឡើងថា ក្រសួងរ៉ែ និងថាមពល តែងតែយកចិត្តទុកដាក់ តាមរយៈការជួយឧបត្ថម្ភ និងលើកចិត្តទាំងថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យ នាយទាហានរង និងសិក្ខាកាម ពលទាហានថ្មីៗ ដែលកំពុងតែទទួលការបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាពិសេសពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែយកចិត្តទុកដាក់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ ពាក់ព័ន្ធការកសាងខឿនវិស័យការពារជាតិ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ដូច្នេះការបណ្តុះបណ្តាលបច្ចេកទេស បទពិសោធន៍ក្នុងវិស័យយោធា ជូនបងប្អូនកងទ័ព ជារឿងដ៏សំខាន់ និងចាំបាច់ ដែលនឹងជួយឱ្យធនធានការពារជាតិរបស់កម្ពុជា នឹងត្រូវបានពង្រីកកាន់តែច្រើនថែមទៀត។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្រសួងរ៉ែ និងថាមពល ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តនឹងបន្តយកចិត្តទុកដាក់ ជួយដល់ការកសាងធនធានការពារជាតិរបស់កម្ពុជា តាមរយៈការឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ជាបន្តបន្ទាប់៕