គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែម ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា

26-05-2026 21:21

(ភ្នំពេញ)៖ ធុងញែកសំណល់រឹង (ធុងសំរាម) ចំនួន ៣ ០០០ធុង ដែលជាជំនួយគាំទ្ររួមគ្នាក្នុងគម្រោងការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន ដែលមានការគាំទ្រពីស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា ត្រូវបានផ្តល់ជូនមកក្រសួងបរិស្ថាន។

ពិធិនេះបានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ធុងសំរាមទាំងអស់នេះ ប្រគល់ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប និងកន្លែងអាទិភាពផ្សេងៗ ជាបន្តទៀត ដើម្បីលើកកម្ពស់ឱ្យមានការកែច្នៃ និងបង្កើតតម្លៃសេដ្ឋកិច្ចពីសំរាមដែលអាចកែច្នៃបាន របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោករដ្ឋមន្រ្តី បានលើកឡើងថា ការគាំទ្របន្ថែមលើការគ្រប់គ្រងសំណល់រឹង នៅកម្ពុជានឹងជំរុញសកម្មភាពធ្វើឱ្យសហគមន៍យើងស្អាត គ្មានសំរាម គ្មានសំណល់ប្លាស្ទិក និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការទទួលខុសត្រូវរួម ក្នុងកិច្ចការពារបរិស្ថាន ថែរក្សាសុខភាពសាធារណៈ និងកសាងកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព និងឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានកោតសរសើរ និងគាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកែលម្អសោភ័ណភាព និងការគ្រប់គ្រងសំរាម-សំណល់រឹង។ នៅពេលនេះជប៉ុនបាន សហការយ៉ាងជិតស្និទ្ធជាមួយដៃគូ កម្មវិធីអង្គការសហប្រជាជាតិ UNDP គាំទ្រដល់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តគម្រោងសំខាន់ៗ រួមមានគម្រោងការពង្រឹងសមត្ថភាពដោះស្រាយ សំណល់ប្លាស្ទិកនៅទីប្រជុំជន។

លោកបានបន្ថែមថា ធុងប្រមូលសំរាមដែលផ្តល់ជូននាពេលនេះ នឹងពង្រឹងការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកនៅតាមបណ្តារាជធានី-ខេត្ត។

ដូចគ្នាដែរ លោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានថ្លែងនូវអំណរសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះ ក្រសួងបរិស្ថាន ក្នុងការអនុវត្តគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការប្រមូលទុកដាក់សំរាម ដោយមានការចូលរួមពីមហាជនជាច្រើន ជាពិសេសយុទ្ធនាការនានា ផ្តើមពីសិស្សានុសិស្ស និងយុវជន ធ្វើការប្តេជ្ញាចិត្ត និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការបោះសំរាមចោល ចូលរួមធ្វើការសម្អាត ការធ្វើអនាម័យ និងចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន។ លោកប្រធានអង្គការ UNDP បានបញ្ជាក់ថានឹងបន្តគាំទ្រដល់គម្រោងនៅកម្ពុជា ដើម្បីជំរុញដល់ប្រជាពលរដ្ឋ សាលារៀន និងមូលដ្ឋាននានា ឱ្យបង្កើនការទុកដាក់ និងគ្រប់គ្រងសំរាម-សំណល់រឹងឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ការបែងចែកសំរាម ជំរុញចលនាដើម្បីភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថាន បានបែងចែកសំភារៈគាំទ្រមួយចំនួន និងធុងសំរាមចំនួន ១៩ ៤១៨ ធុង ជូនទៅសាលារៀន មណ្ឌលសុខភាព វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានមានផែនការបែងចែកសំភារៈគាំទ្រការគ្រប់គ្រងសំណល់រឹង និងធុងសំរាមន្ថែមទៀតនៅទូទាំងប្រទេស៕