រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជួបពិភាក្សាគ្នាដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យារវាងក្រសួងព័ត៌មាន និងស្ថាប័នវៀតណាមចំនួន២
26-05-2026 21:21
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូ និងក្រុមការងារបច្ចេកទេសជួបពិភាក្សាការងារជាមួយប្រតិភូវៀតណាម ដែលដឹកនាំដោយលោកស្រី TRINH THI THUY អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដើម្បីជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងក្រសួងព័ត៌មាន និងស្ថាប័នវៀតណាម ចំនួន២រួមមាន៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងវិទ្យុសំឡេងវៀតណាម (VoV។
ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ នាទីស្តីការក្រសួងព័ត៌មាន។
ចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យសារព័ត៌មាន ការបោះពុម្ព ការផ្សាយសំឡេង រូបភាព និងព័ត៌មានបរទេស បណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងគណៈប្រតិភូនៃស្ថាប័នទាំងពីរ ក៏ដូចជាការចែករំលែកចំណេះដឹងស្តីពីអភិបាលកិច្ចបណ្តាញសង្គមការប្រឆាំងព័ត៌មានក្លែងក្លាយ និងជំនាញសរសេរព័ត៌មាន។
ដោយឡែកកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងវិទ្យុសំឡេងវៀតណាម ផ្តោតសំខាន់លើការគាំទ្របច្ចេកទេសគ្រឿងបរិក្ខារផ្កាយរណប រថយន្តផ្សាយផ្ទាល់ និងប្រព័ន្ធរក្សាទុកឯកសារ។
ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ជាមួយទូរទស្សន៍វៀតណាម (VTV) ដើម្បីផ្តល់ការគាំទ្រលើ ហេដ្ឋារចនាសម្ព័ន្ធនៅទូរទស្សន៍ជាតិកម្ពុជា (ទទក) និងការបណ្តុះបណ្តាលដល់មន្ត្រីទូរទស្សន៍ជាតិកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ផងដែរ។
នៅក្នុងជំនួបនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកសំណើទៅកាន់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀត ណាម ដូចខាងក្រោម៖
*គួរមានមន្ត្រីបង្គោលសម្រាប់សម្របសម្រួលការអនុវត្តផែនការកិច្ចសហប្រតិបត្តិការស្តីពីព័ត៌មាន ឆ្នាំ២០២៦-២០៣០
*ជំរុញការផលិត និងផ្លាស់ប្តូរខ្លឹមសាររួមគ្នា ដើម្បីលើកកម្ពស់មិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម
*ស្នើឱ្យមានការគាំទ្រផ្នែកបច្ចេកទេស និងឧបករណ៍ឌីជីថលសម្រាប់ការផលិតមាតិកាឌីជីថល ការគ្រប់គ្រងបណ្ណសារឌីជីថលការផ្សាយតាមបណ្តាញសង្គម និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងស្ថាប័នព័ត៌មាន
*ស្នើឱ្យវៀតណាមកំណត់កូតាអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលជាក់លាក់ប្រចាំឆ្នាំ សម្រាប់មន្ត្រីក្រសួងព័ត៌មានកម្ពុជា ទាំងវគ្គខ្លី វគ្គវែង និងវគ្គបណ្តុះបណ្តាលជំនាញពិសេស
*ផ្តល់អាទិភាពលើវគ្គបណ្តុះបណ្តាលសំខាន់ៗ ដូចជា Digital Publishing, AI-Enhanced Journalism, Broadcasting Development, Fact-checking, Crisis Communication, Media Monitoring និងការផលិតមាតិកាសម្រាប់បណ្តាញឌីជីថល
*រៀបចំកម្មវិធី Training of Trainers (ToT) ដើម្បីឱ្យមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលបានទទួលការបណ្តុះបណ្តាល អាចបន្តចែករំលែកចំណេះដឹងដល់មន្ត្រី និងអ្នកសារព័ត៌មានក្នុងប្រទេសបានទូលំទូលាយ
*ស្នើឱ្យមានកម្មវិធីទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរអ្នកជំនាញ រវាងស្ថាប័នព័ត៌មានរដ្ឋ និងអង្គភាពផ្សព្វផ្សាយនៃប្រទេសទាំងពីរ ដើម្បីសិក្សាពីបទពិសោធន៍ល្អក្នុងការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា និងការផ្សព្វផ្សាយឌីជីថល
ជារួមលោកស្រីអនុរដ្ឋមន្ត្រី បានទទួលយកសំណូមពររបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅពិភាក្សាជាមួយក្រុមការងារ ដើម្បី ដាក់ចេញនូវផែនការអនុវត្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦-២០៣០៕















