អធិការនគរបាលស្រុកស្ទោង នាំអំណោយ និងថវិកាចុះសួរសុខទុក្ខមន្ត្រីនគរបាល និងអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយ
26-05-2026 21:27
(កំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានដឹកនាំកម្លាំងចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ចែកជូនដល់មន្ត្រីនគរបាល និងអតីតយុទ្ធជនដែលកំពុងមានជំងឺប្រចាំកាយ។
ការចុះសួរសុខទុក្ខនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយបានចុះជួបសួរសុខទុក្ខអនុសេនីយ៍ឯក ទូច សុជាតិ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង ដែលកំពុងមានជំងឺប្រចាំកាយ និងអតីតយុទ្ធជនចំនួន២រូបទៀត ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ចំពោះមន្ត្រីនគរបាល ទាំងអ្នកកំពុងបម្រើការងារ និងអតីតយុទ្ធជនដែលបានចូលនិវត្ត។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ជឹម រីណា បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោ ហេង សុផល ជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាល និងគ្រួសារអតីតយុទ្ធជន ដោយលោកស្នងការតែងតែយកចិត្តទុកដាក់ និងគិតគូរឧបត្ថម្ភគាំទ្រជានិច្ច មិនដែលរំលងឡើយ។
លោកអធិការស្រុកស្ទោង បានលើកឡើងថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយជូននាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ភក្តីភាព និងចំណងមិត្តភាពយ៉ាងស្អិតរមួតរវាងមន្ត្រីនគរបាលជាតិកម្ពុជាទាំងអស់ ទាំងអ្នកកំពុងបម្រើការងារ និងអ្នកបានចូលនិវត្ត។
ជាមួយគ្នានេះ លោកវរសេនីយ៍ទោ ជឹម រីណា បានអំពាវនាវដល់លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង និងអតីតយុទ្ធជនទាំង២រូប ត្រូវខិតខំថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ព្រមទាំងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីជៀសវាងបញ្ហាសុខភាពផ្សេងៗជាយថាហេតុ។
អធិការស្រុកស្ទោង ក៏បានណែនាំដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង ត្រូវបន្តយកចិត្តទុកដាក់ចំពោះមន្ត្រីនគរបាល និងអតីតយុទ្ធជនទាំងអស់ មិនត្រូវឱ្យពួកគាត់ខ្វះខាតស្បៀងអាហារ ឬមានជំងឺដង្កាត់ដោយមិនបានដឹងនោះឡើយ ពោលគឺត្រូវផ្តល់ភាពកក់ក្តៅ និងការគាំទ្រជាប្រចាំដល់ពួកគាត់។
សូមបញ្ជាក់ថា មន្ត្រីនគរបាល និងអតីតយុទ្ធជនទាំង៣នាក់ ដែលទទួលបានអំណោយនាពេលនេះ រួមមានអនុសេនីយ៍ឯក ទូច សុជាតិ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង, លោក លឹង លាវ និងលោក ពេទ្យ ឃឿន។ ក្នុងម្នាក់ៗទទួលបានទឹកសុទ្ធ ១កេស ភេសជ្ជៈ ១កេស និងថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ៕














