រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកសិកម្មខេត្ត បើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ-ក្របី ដើម្បីទប់ស្កាត់ជំងឺឆ្លង និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាកសិករ
26-05-2026 21:57
(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ-ក្របី ទូទាំងខេត្តប្រចាំឆ្នាំ២០២៦ នៅស្រុកសៀមប៉ាង ជាប់ព្រំដែនឡាវ ក្នុងគោលបំណងទប់ស្កាត់ និងបង្ការជំងឺឆ្លងលើសត្វពាហនៈ ជាពិសេសក្នុងរដូវវស្សា ដែលជារដូវប្រឈមខ្ពស់នឹងការផ្ទុះរាលដាលនៃជំងឺផ្សេងៗ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា អាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យបសុសត្វ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចិញ្ចឹមសត្វគោ-ក្របី ត្រូវរៀបចំក្រោលចិញ្ចឹមឱ្យមានសុវត្ថិភាព និងអនាម័យល្អ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង ការបាត់បង់សត្វដោយចោរកម្ម និងការដើរយាយីបំផ្លាញដំណាំរបស់អ្នកដទៃ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានឲ្យដឹងថា ការចិញ្ចឹមសត្វគោ-ក្របី គឺជាប្រភពចំណូល និងជាសន្តិសុខស្បៀងដ៏សំខាន់សម្រាប់ប្រជាកសិករ។
លោកបានបន្តថា ទោះជាយ៉ាងណា ការចិញ្ចឹមភាគច្រើននៅតែអនុវត្តតាមបែបប្រពៃណី ខ្វះការថែទាំ និងបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឱ្យសត្វងាយឆ្លងជំងឺ និងបង្កការខាតបង់សេដ្ឋកិច្ចដល់គ្រួសារ។
ប្រធានមន្ទីរកសិកម្មខេត្ត បានគូសបញ្ជាក់ថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងឆ្នាំនេះ មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺសារទឹក និងអុតក្តាម កាត់បន្ថយអត្រាសត្វឈឺ និងស្លាប់ ព្រមទាំងលើកកម្ពស់សុខភាពសត្វឱ្យកាន់តែប្រសើរ។ លោកថា ក្រុមការងារបច្ចេកទេស និងមន្ត្រីបសុពេទ្យ បាននិងកំពុងចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីផ្តល់សេវាចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ព្រមទាំងផ្សព្វផ្សាយពីវិធីសាស្ត្រចិញ្ចឹមសត្វ តាមបច្ចេកទេសទំនើប ជូនប្រជាពលរដ្ឋផងដែរ»។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង ក្នុងគ្រាបច្ចុប្បន្ន មានសត្វគោសរុបជាង ៣៨,០០០ក្បាល និងក្របីជាង ១៧,០០០ក្បាល ហើយមន្ទីរកសិកម្មក៏កំពុងបន្តជំរុញការចាក់វ៉ាក់សាំង ការព្យាបាល និងការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វ ដើម្បីធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលគ្រួសារ និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ជនបទឱ្យកាន់តែមានប្រសិទ្ធភាព៕
































