អ្នកជំនាញច្បាប់អន្តរជាតិ ស្នើឲ្យខ្មែររួមសាមគ្គីជាតិ ដើម្បីប្រឆាំងរាល់ទង្វើឈ្លានពាន, ទង្វើដែលធ្វើឲ្យខូចប្រយោជន៍ជាតិ និងជាតិចុះខ្សោយ

27-05-2026 10:42

(ភ្នំពេញ)៖ លោក អាន ប៉ាស្ទី អ្នកជំនាញច្បាប់អន្តរជាតិ ភូមិសាស្ត្រនយោបាយ និងអភិបាលកិច្ចសកល បានស្នើឲ្យជនជាតិខ្មែរ ឲ្យរួមសាមគ្គីជាតិជាកម្លាំង ដើម្បីប្រឆាំងរាល់ទង្វើឈ្លានពាន, ទង្វើដែលធ្វើឲ្យខូចប្រយោជន៍ជាតិ និងទង្វើដែលនាំឲ្យជាតិចុះខ្សោយ។

តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អតីតមន្ត្រីការទូតកម្ពុជាប្រចាំអាមេរិកឡាទីន និងជាបញ្ញវន្តកម្ពុជាដែលទទួលបានជ័យលាភីច្បាប់អន្តរជាតិ និងនីតិសមុទ្រពីអង្គការសហប្រជាជាតិនៅបូរីញូវយ៉ក សហរដ្ឋអាមេរិក២០១៨ បានឲ្យដឹងថា ខ្មែរយើងបែកបាក់គ្នា ៥០០ឆ្នាំមកហើយ និងត្រូវបានថៃ-សៀមឈ្លានពាន និងបន្តឈ្លានពានកម្ពុជា ៨០០ឆ្នាំមកហើយ គិតពីសតវត្សរ៍ ទី១៣ មកដល់ឆ្នាំ២០២៦នេះ។

លោកបានបន្តថា «យើងជាប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន (មាត្រា៥១.-ថ្មី) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សូមរួមសាមគ្តីជាតិខ្មែរជាកម្លាំង ដើម្បីប្រឆាំងនូវរាល់ទង្វើឈ្លានពានទាំងឡាយ និងទង្វើដែលធ្វើឲ្យខូចប្រយោជន៍ជាតិ និងដែលធ្វើឲ្យជាតិចុះខ្សោយ»។

បើតាមលោក អាន ប៉ាស្ទី កម្ពុជាត្រូវតែខ្លាំង និងរឹងមាំដោយខ្លួនឯង ផលិតដោយខ្លួនឯង និងត្រូវតែក្លាយជាប្រទេសនាំចេញ ប្រជែងប្រទេសឈ្លានពានទាំងឡាយនោះប្រែមកថា ខ្មែរយើងខ្លាំងហើយ។ រួមស្មារតីជាតិ រួមកម្លាំងជាតិ និងរួមទទួលខុសត្រូវលើជោគវាសនានៃជាតិខ្មែរ (មាត្រា៥១.-ថ្មី) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕