ក្រសួងការពារជាតិ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីច្បាប់កាតព្វកិច្ចយោធា
27-05-2026 11:05
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីច្បាប់កាតព្វកិច្ចយោធា។ ពិធីនេះបានធ្វើនៅទីស្តីការក្រសួងការពារជាតិ។
ច្បាប់ ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះ តម្រូវឱ្យយុវជនអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ព រយៈពេល២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ៤៥ឆ្នាំ ខណៈដែលពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
ច្បាប់ដែលមាន៨ជំពូក និង២០មាត្រានេះ ត្រូវបានប្រកាសជាការប្រញាប់ ហើយចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៦នេះតទៅ ខណៈដែលច្បាប់នេះមានការលើកលែងចំពោះព្រះសង្ឃ បព្វជិតសាសនា និងជនពិការ។
យោងតាមខ្លឹមសារនៃច្បាប់នេះ អ្នកដែលគេចវេសពីការបម្រើកងទ័ព អាចប្រឈមមុខនឹងការជាប់ពន្ធនាគារចាប់ពី៦ខែ ដល់៥ឆ្នាំ រួមជាមួយនឹងការពិន័យជាប្រាក់អាស្រ័យ លើភាពធ្ងន់ធ្ងរនៃបទល្មើស៕

















