ក្រសួងការងារ ទទួលយកសំណូមពររបស់បងប្អូនអ្នកបើកតាក់ស៊ីនៃក្រុមហ៊ុន WOWNOW មកដោះស្រាយដោយការយកចិត្តទុកដាក់

27-05-2026 12:51

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំស្តាប់សំណូមពររបស់បងប្អូនអ្នកបើកតាក់ស៊ីនៃក្រុមហ៊ុន WOWNOW នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយការយកចិត្តទុកដាក់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា មន្រ្តីជំនាញរបស់ក្រសួង បានជួបប្រជុំជាមួយបងប្អូនតំណាងអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុន WOWNOW ចំនួន ១៥នាក់ ដែលតំណាងឱ្យអ្នកដឹកជញ្ជូនប្រមាណ៩០០នាក់។

បើតាមអ្នកនាំពាក្យរូបនេះដដែល បងប្អូនអ្នកបើកតាក់ស៊ីនៃក្រុមហ៊ុនWOWNOW បានស្នើសុំឱ្យក្រុមហ៊ុន WOWNOW បើកអ៊េប(APP) និងបន្តជួលរថយន្តអគ្គិសនីជូនអ្នកបើកបរដែលជាដៃគូសហការឡើងវិញដើម្បីបន្តដោះស្រាយបញ្ហាជីវភាព និងចំណូលប្រចាំថ្ងៃ។

លោកបានបន្ដថា៖ «មន្ត្រីជំនាញក្រសួងបានស្តាប់នូវការទាមទាររបស់បងប្អូនយ៉ាងយកចិត្តទុកដាក់លើសំណូមពរនេះដើម្បីពិភាក្សាជាមួយភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ បងប្អូនបានសាទរនិងរីករាយចំពោះការយកចិត្តទុកដាក់របស់ក្រសួងដោយបានវិលត្រឡប់ទៅវិញនៅម៉ោងប្រមាណ ១១៖៣០នាទី»

ក្នុងអំឡុងពេលនៃដំណោះស្រាយ បងប្អូនអ្នកបើកបររថយន្តតាក់ស៊ី WOWNOW បានឯកភាពរក្សាភាពស្ងៀមស្ងាត់ ចៀសវាងការបង្កបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរង់ចាំការដោះស្រាយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅតាមនីតិវិធីច្បាប់ និងយុទ្ធសាស្រ្តឈ្នះ-ឈ្នះទាំងអស់គ្នា។

បន្ថែមពីនេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស មន្ត្រីជំនាញរបស់ក្រសួង នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធភ្លាមក្នុងគោលបំណងផ្តល់ដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគី៕