គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បន្តចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងទីតាំងអាគារមួយកន្លែង សង្កាត់លេខ១
27-05-2026 14:39
(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងអាគារមួយខ្នង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុ ចំនួន ៤៤គ្រឿង, ទូរសព្ទដៃ ចំនួន ២១៣គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២៩នាក់ (ស្រី២នាក់) ដែលទាំងអស់គ្នាមានជាជនជាតិឥណ្ឌាចំនួន ១៣នាក់ ជនជាតិនេប៉ាល់ ១១នាក់ (ស្រី២នាក់) និងជនជាតិបង់ក្លាដេស៥នាក់។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕











