អភិបាលខេត្តព្រះសីហនុ ចូលរួម «វេទិកាជំនួបអ្នកវិនិយោគឧស្សាហកម្មទីក្រុងហឺហ្វី» ដើម្បីផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគមកស្វែងយល់ពីសក្តានុពលពិតប្រាកដរបស់ខេត្តព្រះសីហនុ

27-05-2026 14:39

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមក្នុង «វេទិកាជំនួបអ្នកវិនិយោគឧស្សាហកម្មទីក្រុងហឺហ្វី-ខេត្តអានហួយ និងខេត្តព្រះសីហនុ (កម្ពុជា)» ដែលបានរៀបចំឡើងនៅទីក្រុងហឺហ្វី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការសហការពីរដ្ឋបាលក្រុងហឺហ្វី និងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Yang Li ប្រធានការិយាល័យការបរទេសទីក្រុងហឺហ្វី, លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងតំណាងសហគ្រាស និងក្រុមហ៊ុនវិនិយោគឈានមុខពីទីក្រុង ហឺហ្វីចំនួន៥០ក្រុមហ៊ុន។

បណ្តាក្រុមហ៊ុនចិនដែលបានចូលរួមក្នុងជំនួបផ្គូរផ្គងធុរកិច្ចនេះ ភាគច្រើនជាសហគ្រាសធំៗដែលរកស៊ីលើវិស័យសក្តានុពលជាច្រើន រួមមាន៖

*វិស័យគ្រប់គ្រងទឹក និងបរិស្ថាន៖ ក្រុមហ៊ុន Anhui Shunyu Water Affairs និង Anhui Tongyuan Environment Energy Saving។
*វិស័យថាមពលថ្មី និងបច្ចេកវិទ្យាឆ្លាតវៃ៖ ក្រុមហ៊ុន Anhui Oukun New Energy, Sichuang Electronics, និង Anhui Shengyun Intelligent Technology។
*វិស័យសំណង់ និងវិស្វកម្ម៖ ក្រុមហ៊ុន Anhui Runye Construction Engineering និង Anhui Yifeng Engineering Project Management។
*វិស័យពាណិជ្ជកម្ម នាំចេញ-នាំចូល និងវិស័យផ្សេងៗទៀត។

នៅក្នុងសន្ទរកថាបើក លោក ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ជំនួបនាពេលនេះឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងមិត្តភាពជា «មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ នេះជាលទ្ធផល នៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតី ស៊ី ជីនពីង ក្នុងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និងច្រករបៀងមច្ឆា និងអង្ករ។

អភិបាលខេត្ត បានធ្វើបទបង្ហាញពីភាពទាក់ទាញ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងនាមជាទីក្រុងកំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

បច្ចុប្បន្ន ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៧ទីតាំង។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ«ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (២០២៥-២០៣៨)» សិក្សាដោយវិទ្យាស្ថាន UPDIS នៃទីក្រុងសិនជិន ដើម្បីប្រែក្លាយខេត្តទៅជាច្រកទ្វារអន្តរជាតិ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទីក្រុងបៃតង ចីរភាព និងទីក្រុងវៃឆ្លាតក្នុងតំបន់អាស៊ាន។

ពិសេសជាងនេះទៅទៀត ឯកឧត្តមបានលើកឡើងពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់ការលើកទឹកចិត្តពិសេសរួមមាន៖

*ទី១៖ ការលើកទឹកចិត្តផ្នែកពន្ធ៖ លើកលែងពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ និងការនាំចូលសម្ភារសំណង់ បរិក្ខារផលិតកម្ម គឺពន្ធនិងអាករជាបន្ទុករបស់រដ្ឋ។
*ទី២៖ ការគាំទ្រផ្នែករដ្ឋបាល៖ សម្រួលនីតិវិធីលិខិតអនុញ្ញាតសាងសង់ អាជ្ញាប័ណ្ណ និងលិខិតបទដ្ឋាននានា ដោយរហ័ស តម្លាភាព និងប្រសិទ្ធភាព។

ជំនួបនេះ មិនត្រឹមតែជាវេទិកាបង្ហាញពីភាពទាក់ទាញនៃបរិយាកាសវិនិយោគរបស់ខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងរដ្ឋបាលខេត្តព្រះសីហនុ និងទីក្រុងហឺហ្វី ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រជាជនខេត្តក្រុងទាំងពីរ។

លោក ម៉ាង ស៉ីណេត បានអះអាងថា កម្ពុជានិងខេត្តព្រះសីហនុ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពសង្គមល្អប្រសើរ ព្រមទាំងមានប្រជាពលរដ្ឋរស់រាយរាក់ទាក់ ពោរពេញដោយស្នាមញញឹម។ រដ្ឋបាលខេត្តបានដាក់ចេញនូវចក្ខុវិស័យ “ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ” សូមចាប់ដៃជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា។
យើងខ្ញុំទាំងអស់គ្នាបានត្រៀមខ្លួនជាស្រេច ក្នុងការសហការ និងសម្របសម្រួលជូនវិនិយោគទាំងអស់ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ និងសូមអញ្ជើញលោក លោកស្រី ទាំងអស់គ្នា មកសិក្សាស្វែងយល់ពីឱកាសមាសនៃការវិនិយោគនៅខេត្តព្រះសីហនុ ជាពិសេសក្នុងឱកាសដែលរាជរដ្ឋាភិបាលលើកលែងវីសាហ្វ្រី ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ៕