បង្ក្រាបបទល្មើស Online Scam នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ៦០នាក់ និងដកហូតវត្ថុតាងមួយចំនួន
27-05-2026 14:42
(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង អភិបាលក្រុងបាវិត ក្រោមការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាលចំហ ស្រាវជ្រាវ និងបង្រ្កាបពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងអាគារជួលកម្មសិទ្ធិរបស់លោក ម៉ុក សម្បត្តិ និងផ្ទះល្វែង (SH03) កម្មសិទ្ធិរបស់លោក តាន់ ឆៃហ៊ួត ក្នុងបុរី ឈុន ស៊ីង ស៊ីធី ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត។
សកម្មភាពប្រតិបត្តិការនេះ មានការចូលរួមពីលោក វណ្ណ សុមុន្នី អភិបាលរងក្រុង, លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុង, លោក គ្រុយ សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង, កម្លាំងនគរបាលវរព្រំដែន ៦០៩។
លោក លឹម សៀងហេង បានឲ្យដឹងថា ជាលទ្ធផល ក្រុមការងារបានរកឃើញពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទាំង២ទីតាំង និងបានឃាត់ខ្លួនមនុស្ស និងវត្ថុតាង រួមមាន៖
*ទី១៖ អគារជួលរបស់លោក ម៉ុក សម្បត្តិ ឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ (ស្រី ៨នាក់) មាន២សញ្ជាតិ និងវត្ថុតាងមួយចំនួន ក្នុងនោះជនជាតិ វៀតណាម៤៣នាក់ (ស្រី ៨នាក់) ជនជាតិចិន២នាក់ (ប្រុស) កុំព្យូទ័រលើតុ CPU ១ គ្រឿង កុំព្យួទ័រយួរដៃ២៨ គ្រឿង ទូរសព្ទដៃចម្រុះ ២១៨គ្រឿង និងសម្ភារមួយចំនួន។
*ទី២៖ ផ្ទះល្វែង (SH03) របស់លោក តាន់ ឆៃហួត ឃាត់មនុស្សចំនួន ១៥នាក់ ជនជាតិវៀតណាម និងវត្ថុតាងក្នុងនោះ ជនជាតិ វៀតណាម ១៥នាក់ (ស្រី ៥ នាក់) កុំព្យូទ័រ (All in 1) ២៨គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង ទូរសព្ទដៃចម្រុះ១៦ គ្រឿងសម្ភារមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង៦០នាក់ និងវត្ថុតាងត្រូវសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕















