រដ្ឋបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ច្រានចោលចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គម និងពុំមានការចាប់បង្ខំប្រជាពលរដ្ឋលើបញ្ហាដីធ្លីនោះទេ
27-05-2026 15:04
(រតនគិរី)៖ រដ្ឋបាលស្រុកអូរយ៉ាដាវខេត្តរតនគិរី បានច្រានចោលចំពោះការផ្សព្វផ្សាយលើគណនីបណ្តាញសង្គម Facebook ឈ្មោះ Phan Phana ដែលបានបង្ហោះ និងសរសេរខ្លឹមសារថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ បានតវ៉ាជាមួយក្រុមហ៊ុនចិនរុករករ៉ែ បានឈូសដំណាំដំឡូងមី និងដំណាំស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គេបង្ខំប្រជាពលរដ្ឋឲ្យយល់ព្រម និងគំរាមប្រជាពលរដ្ឋណាមិនព្រមឲ្យដីទៅគេ គេនឹងធ្វើតាមច្បាប់ដោយសារគេអះអាង មានអាជ្ញាប័ណ្ណកម្មសិទ្ធិវិនិយោគ។
រដ្ឋបាលស្រុកអូរយ៉ាដាវ បានបញ្ជាក់ជូនថា ករណីនេះទិដ្ឋភាពជាក់ស្តែង មិនដូចអ្វីដែលគណនីបណ្តាញសង្គម Facebookខាងលើផ្សព្វផ្សាយឡើយ។ បច្ចុប្បន្នប្រជាពលរដ្ឋម្ចាស់ចម្ការកំពុងធ្វើការដាំដុះធម្មតា។
ជាមួយគ្នានេះ រដ្ឋបាលស្រុកអូរយ៉ាដាវខេត្តរតនគិរី តែងតែយកចិត្តទុកដាក់ធ្វើការជជែកគ្នារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដោយមានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរីចូលរួម។ ទោះបីក្រុមហ៊ុនមានអាជ្ញាប័ណ្ណក៏ដោយ គឺត្រូវមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងក្រុមហ៊ុន និងម្ចាស់ចម្ការជាមុនសិន មុននឹងក្រុមហ៊ុនចូលធ្វើសកម្មភាព៕






