ក្រសួងការពារជាតិ អះអាងថា ចាប់ផ្តើមរៀបចំរើសបណ្តើរៗហើយ ចុងឆ្នាំ២០២៦ ត្រូវតែមានកងទ័ពថ្មី ចូលហ្វឹកហ្វឺន (Video inside)
27-05-2026 15:49
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានអះអាងថា បន្ទាប់ពីច្បាប់កាតព្វកិច្ចយោធា ត្រូវប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រសួងការពារជាតិ បានអនុវត្តភ្លាមៗ និងចាប់ផ្តើមរៀបចំរើសបណ្តើរៗយុវជនដែលគ្រប់អាយុ យ៉ាងយូរនៅចុងឆ្នាំ២០២៦ នឹងត្រូវមានកងទ័ពថ្មីចូលហ្វឹកហ្វឺនក្នុងជំរុំ ដែលរៀបចំរួចជាស្រេចនៅតាមយោធភូមិភាគ។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានច្បាប់ស្តីពីកាតព្វកិច្ចយោធា បន្ទាប់ពីច្បាប់នេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយព្រះរាជក្រមលេខ នស/រកម/០៥២៦/០០៨ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានអះអាងយ៉ាងដូច្នេះថា៖ «ដូច្នេះ ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺយើងចាប់ផ្តើមផ្សព្វផ្សាយ និងអនុវត្តចាប់ពីម៉ោងនេះតទៅ ហើយការអនុវត្តគឺត្រូវធ្វើឱ្យបានចប់នៅចុងឆ្នាំ២០២៦ គឺមានកងទ័ពកាតព្វកិច្ចយោធា ចូលដល់ជំរុំហ្វឹកហ្វឺន»។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានវាយតម្លៃថាសន្ទុះនៃការចូលរួមរបស់យុវជនដែលគ្រប់អាយុចន្លោះ ១,៥ ទៅ ២ភាគរយ សម្រាប់ការអនុវត្តជំហានដំបូង។ ខណៈនៅគ្រប់សាលាហ្វឹកហ្វឺនទាំងអស់នៅចំណុះយោធភូមិភាគទូទាំងប្រទេស ត្រូវបានត្រៀមបម្រុងរួចជាស្រេច ដើម្បីទទួលយុវជនដែលជាប់កាតព្វកិច្ចយោធា។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានគូសបញ្ជាក់ថា តាមរយៈច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺបានចែងយ៉ាងច្បាស់ ត្រូវតែអនុវត្តឱ្យមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស្មើភាពគ្នា។ ដូច្នេះ តាមរយៈច្បាប់នេះគ្រប់អ្នកមាន និងអ្នកក្រ គឺត្រូវតែអនុវត្តតាមច្បាប់កាតព្វកិច្ចយោធាទាំងអស់គ្នា ហើយក្នុងករណីគេចវេស រារាំងនឹងត្រូវទទួលទោសតាមច្បាប់ដែលបានចែង។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានឱ្យដឹងថា ចំពោះចំនួនយុវជនគ្រប់អាយុដែលត្រូវជាប់កាតព្វកិច្ចយោធា នឹងត្រូវរៀបចំធ្វើជំរឿន និងចាប់ឆ្នោត ពោលគឺជំហានដំបូងនេះមិនអាចជ្រើសរើសយុវជនគ្រប់អាយុចូលហ្វឹកហ្វឺនទាំងអស់គ្នានោះទេ។ ហើយជ្រើសរើសយុវជនគ្រប់អាយុ ធ្វើឡើងតាមសន្ទស្សន៍នៃសេចក្តីត្រូវការរបស់ក្រសួងការពារជាតិ ខណៈក្រសួងការពារជាតិ បានបង្កើតគណៈកម្មការកាតព្វកិច្ចយោធា ដូច្នេះ សម្រាប់នីតិវិធីនៃការជ្រើសរើសយុវជន គឺត្រូវធ្វើឡើងតាមរយៈអនុក្រឹត្យដែលបានកំណត់។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានបន្តថា ក្រសួងការពារជាតិ ក៏ប្រកាសស្វាគមន៍ដល់យុវជនដែលបានបំពេញកាតព្វកិច្ចយោធា តាមច្បាប់ចែងហើយស្ម័គ្រចិត្តចូលបម្រើការក្នុងជួរកងយោធពលខេមរភូមិន្ទ ជាយោធិនអាជីព។ ដូចនេះដើម្បីអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធាឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមតម្រូវការចាំបាច់របស់ប្រទេសជាតិ សំណូមពរឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិទាំងស្ថាប័នរដ្ឋ ឯកជន សមាគម អង្គការសង្គមស៊ីវិល ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានទាំងអស់ ជួយបំផុសយុទ្ធនាការ អនុវត្តច្បាប់កាតព្វកិច្ចយោធាតាមគ្រប់មធ្យោបាយនិងគ្រប់រូបភាពឱ្យបានទូលំទូលាយនិងឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលគ្រប់អាយុចូលបំពេញកាតព្វកិច្ចយោធា៕














