អភិបាលស្រុកតាំងគោក លើកទឹកចិត្តឲ្យប្រជាកសិករ បន្តដាំដំឡូងមី និងបន្លែបន្ទាប់បន្សំឱ្យបានច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ
27-05-2026 15:50
(កំពង់ធំ)៖ លើកឡើងក្នុងឱកាសចុះពិនិត្យមើលស្ថានភាពរស់នៅ និងការពិនិត្យមើលដំណាំរបស់ប្រជាកសិករ ដែលកំពុងដាំដំណាំតាមចម្ការ ដូចជា ដំឡូង ស្វាយចន្ទី ត្រសក់ ឪឡឹក នៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានជម្រុញនិងលើកទឹកចិត្តឱ្យប្រជាកសិករ បន្តដាំដុះដំឡូងមី និងបន្លែបន្ទាប់បន្សំឲ្យបានច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ។
លោកអភិបាលស្រុក បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះ ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។ ជាក់ស្ដែងប្រជាកសិករភាគច្រើន ប្រកបមុខរបរកសិកម្ម ព្រោះប្រភេទដីនៅតំបន់នោះ មានអំណោយផលលើដំណាំកសិកម្មគ្រប់ប្រភេទ ការនាំចេញទៅខេត្តផ្សេងៗ ក៏ងាយស្រួលផងដែរ ដោយសារមានផ្លូវប្រកបដោយសុវត្ថិភាពក្នុងការដឹកជញ្ជូន តាំងពីចម្ការ រហូតដល់ផ្លូវធំ ក្នុងស្រុកទាំងមូល។
ទន្ទឹមនេះដែរលោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរឃុំ ឧស្សាហ៍ចុះសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងទៅលើដំណាំ គ្រប់ប្រភេទ ត្រូវផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។
សូមបញ្ជាក់ថា កសិករមានក្ដីរំភើប និងរីករាយ ក្រោយដំណាំដាំដុះមានការលូតលាស់ល្អបើប្រៀបធៀបឆ្នាំមុនៗ ហើយមានថ្នាក់ដឹកនាំស្រុក ចុះសួរសុខទុក្ខ រហូតដល់ចម្ការ និងបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយពួកគាត់នាពេលកន្លងមក៕

































