អភិបាលខេត្តបាត់ដំបង ក្រើនរំឭកមន្ត្រីក្រោមឱវាទត្រូវតាមដានក្ដាប់ព័ត៌មាន និងពន្លឿនការឆ្លើយតបឱ្យបានលឿនរហ័ស ដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ

27-05-2026 15:55

(បាត់ដំបង)៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងក្រើនរំឭកដល់មន្ត្រីក្រោមឱវាទត្រូវតាមដានក្ដាប់ព័ត៌មាន និងពន្លឿនការឆ្លើយតបព័ត៌មានឱ្យបានលឿនរហ័ស ដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែល លោក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានធ្វើបទអន្តរាគមន៍ស្ដីពីតួនាទីក្រុមការងារសម្របសម្រួលព័ត៌មានក្នុងការទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងបញ្ជ្រាបនូវព័ត៌មានពិតអំពីសមិទ្ធផលអភិវឌ្ឍន៍នៅក្នុងខេត្ត ការលើកកម្ពស់កិត្យានុភាព និងកិត្តិយសថ្នាក់ដឹកនាំ។

នាឱកាសនោះដែរ លោក សុខ លូ បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ ជាពិសេសអ្នកនាំពាក្យនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គភាពកងកម្លាំងត្រូវតាមដានក្ដាប់ព័ត៌មាន និងពន្លឿនការឆ្លើយតបព័ត៌មានឱ្យបានលឿនរហ័ស ដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលសង្គមគ្មានប្រភពច្បាស់លាស់ តួយ៉ាងប្រភពពីក្រៅប្រទេសមួយចំនួនដែលមិនអាចទុកចិត្តបាន និងមានចរិតនយោបាយនិយមជ្រុល ឬព័ត៌មានដែលមានប្រភពពី MMO មួយចំនួន ដែលប្រើបណ្តាញសង្គមសម្រាប់បង្កើតព័ត៌មានក្លែងក្លាយ បង្កចលាចលទាញយកប្រយោជន៍ផ្ទាល់ខ្លួននោះ គឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គមជាតិ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានបន្តដាក់បទបញ្ជាឱ្យអាជ្ញាធរស្រុកជាប់ព្រំដែន កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់មិនឱ្យមានការនាំចូលទំនិញរបស់ថៃ និងបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ៕