មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃប្រជាពលតដ្ឋចំនួន២៥០គ្រឿង នៅស្រុករវៀង

27-05-2026 16:02

(ព្រះវិហារ)៖ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមការណែនាំពីលោក សំ លាងទ្រី ប្រធានមន្ទីរ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរ និងនគរបាលចរាចរណ៍ ស្រុករវៀង ចុះធ្វើសកម្មភាពផ្សព្វផ្សាយអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋដែលជាអ្នកបើកបរគោយន្តកន្ត្រៃយ៍ ចំនួន២៥០នាក់ ស្ថិតនៅក្នុងស្រុករវៀង។

នៅក្នុងឱកាសនោះ ក្រុមការងារបានធ្វើការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ ការបើកបរប្រកបដោយសុវត្ថិភាព និងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសសម្រាប់អ្នកប្រើប្រាស់គោយន្តកន្ត្រៃ ដែលជាមធ្យោបាយដឹកជញ្ជូន និងប្រកបរបរកសិកម្មនៅតាមមូលដ្ឋាន។ការផ្សព្វផ្សាយនេះ ក៏ជាផ្នែកមួយក្នុងការជំរុញការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ឲ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្រុមការងារក៏បានបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃយ៍របស់ប្រជាពលរដ្ឋ ចំនួន២៥០គ្រឿង ដើម្បីបង្កើនការមើលឃើញនៅពេលយប់ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅលើដងផ្លូវ។

ក្រៅពីសកម្មភាពផ្សព្វផ្សាយ ក្រុមការងារក៏បានប្រគល់ឯកសារផ្សព្វផ្សាយមួយចំនួនជូនដល់នគរបាលចរាចរណ៍ស្រុករវៀង សម្រាប់បន្តការងារអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ រួមមាន៖ សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំនួន៥០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន៤០០ក្បាល, ខិត្តប័ណ្ណអ្វីដែលអ្នកបើកបរត្រូវយល់ដឹង ចំនួន៣០០សន្លឹក ព្រមទាំងផ្ទាំងរូបភាព និងស្ទីកឃ័រផ្សព្វផ្សាយសុវត្ថិភាព ចរាចរណ៍ជាច្រើនប្រភេទទៀត៕