ដំណោះស្រាយឈ្នះ-ឈ្នះ! ការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ សម្របសម្រួលបញ្ចប់វិវាទរឿង «សំឡេងត្រចៀកកាំ» រវាងអ្នកភូមិ និងម្ចាស់អាជីវកម្ម ក្រោយប្រកាន់ខ្ជាប់ស្មារតី «ភូមិផងរបងតែមួយ»
27-05-2026 16:18
(ពោធិ៍សាត់)៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះធ្វើការសម្របសម្រួល និងដោះស្រាយបណ្តឹងរបស់ឈ្មោះ ម៉ុង សារី ភេទស្រី ដែលជាតំណាងប្រជាពលរដ្ឋចំនួន៥គ្រួសារ រស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់។ បណ្តឹងនេះ បានប្តឹងបុគ្គលឈ្មោះ រ៉ា សុវណ្ណបូរី ដែលបានបើកឧបករណ៍បំពងសំឡេងសត្វត្រចៀកកាំ បង្កការរំខានយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
នៅក្នុងឱកាសនោះ លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានមានប្រសាសន៍ដឹកនាំ និងបញ្ជាក់ថា ការចុះមកសម្របសម្រួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការចាក់សំឡេងត្រចៀកកាំរំខាននេះ គឺធ្វើឡើងដោយផ្អែកលើពាក្យបណ្តឹងជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
លោកបន្តថា កិច្ចអន្តរាគមន៍នេះ ធ្វើឡើងក្នុងក្របខណ្ឌតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដែលជាស្ពានចម្លង និងជាកន្លែងទទួល ក៏ដូចជាដោះស្រាយរាល់សុខទុក្ខ និងទំនាស់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេស យើងទទួលបានការចង្អុលបង្ហាញ និងការគាំទ្រយ៉ាងពេញទំហឹងពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជានិច្ចកាល លោកតែងតែជំរុញ និងលើកទឹកចិត្តឱ្យមានការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដើម្បីបញ្ចប់វិវាទដោយសន្តិវិធី មិនខាតបង់ពេលវេលា និងថវិកា។
លោកប្រធានការិយាល័យ បានបន្ថែមទាំងស្នាមញញឹម និងការអប់រំផ្សំផ្គុំថា យើងរស់នៅក្នុងសហគមន៍ជាមួយគ្នា ក្នុងនាមជា "អ្នកភូមិផងរបងតែមួយ" ត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ អ្នកធ្វើអាជីវកម្មក៏ត្រូវគិតគូរពីសុខភាព និងការរស់នៅរបស់ជិតខាង ចំណែកអ្នកជិតខាងក៏ត្រូវយល់ពីតម្រូវការសេដ្ឋកិច្ច។ ការបន្ធូរបន្ថយម្នាក់មួយជំហាន គឺជាគន្លឹះនៃសេចក្តីសុខក្នុងសហគមន៍។
ក្រោយពីបានស្តាប់ការលើកឡើងពីវិវាទខាងលើ ពីសំណាក់ភាគីទំនាស់ទាំងសងខាង និងក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង ភាគីទាំងពីរបានយល់ព្រមបន្ធូរបន្ថយឱ្យគ្នាទៅវិញទៅមក ម្នាក់មួយជំហាន និងបានផ្តិតមេដៃក្នុងកំណត់ហេតុ ដើម្បីបញ្ចប់ទំនាស់នោះ ចាប់ពីថ្ងៃដោះស្រាយនេះតទៅ។
ជាមួយគ្នានោះ ភាគីទាំងពីរបានសន្យាអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុក្រឹត្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលព្រៃឈើ ជាពិសេសសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លើការកំណត់ពេលវេលាបើកសំឡេងត្រចៀកកាំ៖ ពេលព្រឹកបើកពីម៉ោង ៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់, រសៀលបើពីម៉ោង ២រសៀល ដល់ម៉ោង៦ល្ងាច និងយប់បិទពីម៉ោង ៦ល្ងាច ដល់ម៉ោង៦ព្រឹក ក្នុងគោលបំណងតែមួយគត់ គឺដើម្បីធានាបាននូវសុខុមាលភាព សុខដុមនីយកម្មក្នុងការរស់នៅ និងបញ្ចៀសការរំខានដោយសំឡេងទៅលើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរជម្រាបជូនថា ក្នុងស្ថានភាពបច្ចុប្បន្ន ដំណោះស្រាយដែលល្អបំផុត និងស្របច្បាប់ គឺការរួមរស់នៅជាមួយគ្នាដោយសន្តិវិធី ក្រោមការគោរពម៉ោងពេលដែលអាជ្ញាធរបានកំណត់។ ពលរដ្ឋមានសិទ្ធិ «តាមដាន និងប្តឹងរាយការណ៍សុំឱ្យចាត់វិធានការច្បាប់ ប្រសិនបើម្ចាស់អាជីវកម្មល្មើសសន្យា» ប៉ុន្តែមិនមានសិទ្ធិអំណាចបង្ខំឱ្យគេបិទហាង ឬបិទទីតាំងចោលភ្លាមៗនោះឡើយ៕


































