មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ករណីយុវជនជាប់កាតព្វកិច្ចយោធាមានរបួស ឬពិការរដ្ឋជាអ្នកធានារ៉ាប់រង ​​ខណៈអ្នកពលី នឹងទទួលបានរបបឧបត្ថម្ភដូចយោធិនអាជីព (Video inside)

27-05-2026 16:19

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅក្នុងករណីយុវជនដែលមកបំពេញកាតព្វកិច្ចយោធា ប្រសិនបើមានរបួស ឬពិការ រដ្ឋជាអ្នកធានារ៉ាប់រងលើព្យាបាលជំងឺទាំងអស់ ខណៈយុវជនដែលបានពលី នៅក្នុងពេលបំពេញកាតព្វកិច្ចយោធា គឺត្រូវទទួលបានរបបឧបត្ថម្ភ ដូចយោធិនអាជីពផងដែរ។

ការគូសបញ្ជក់បែបនេះ របស់អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីច្បាប់កាតព្វកិច្ចយោធា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ នាទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងថា នៅពេលយុវជនចូលបំពេញកាតព្វកិច្ចយោធា គឺមានការឧបត្ថម្ភជាថវិកា សម្លៀកបំពាក់ ព្រមទាំងសម្ភារបំពាក់នានាដូចនឹងយោធាអាជីព ក៏ប៉ុន្តែ ប្រាក់ឧបត្ថម្ភប្រចាំខែ គឺមានចែងនៅក្នុងអនុក្រឹត្យ។

នាយឧត្តមសេនីយ៍ មាស សាវ៉ន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយនៅពេលកំពុងបំពេញកាតព្វកិច្ចយោធា បើសិនមានជំងឺ មានរបួស ក្នុងពេលបំពេញកាតព្វកិច្ច គឺរដ្ឋជាអ្នកធានារ៉ាប់រងទាំងអស់។ ប្រសិនធ្លាក់ខ្លួនពិការ មរណភាព ឬពលី ក៏ទទួលបានរបបឧបត្ថម្ភដូចយោធិនអាជីពផងដែរ»

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានបង្ហើបថា សម្រាប់អនុក្រឹត្យថ្មី ដែលក្រសួងបានរៀចំ សម្រាប់សិស្សដែលប្រលងបាក់ឌុប ជាប់ហើយស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ក្រសួងនឹងទទួល ក៏ប៉ុន្តែ បើសិនពួកគាត់មិនទាន់ស្ម័គ្រចិត្ត ហើយចង់បន្តការសិក្សាឱ្យចប់ថ្នាក់មហាវិទ្យាល័យ ក្រសួងនឹងពន្យាពេលឱ្យពួកគាត់រយៈពេល៤ឆ្នាំ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា៖ «យើងជាយុវជន យើងជាប្រជាពលរដ្ឋខ្មែរ ឃើញគេឈ្លានពាន ឃើញគេធ្វើបាបដោយអយុត្តិធម៌មកលើកម្ពុជាហើយ តើយើងមានការឈឺចាប់ទេ? បបើយើងមានការឈឺចាប់ គ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវបំផុសចលនាជំរុញឱ្យយុវជនយើងចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីការពារជាតិ មាតុភូមិរបស់យើង»

នាយឧត្តមសេនីយ៍ មាស សាវ៉ន បានឱ្យដឹងថា ចំពោះច្បាប់កាតព្វកិច្ចយោធា នៅគ្រប់មាត្រាទាំងអស់ បានចែងយ៉ាងច្បាស់មិនឱ្យមានការរំលោភបំពានសិទ្ធិមនុស្សជាដាច់ខាត។ ចំពោះទោសទណ្ឌផ្សេងៗដែលចែងក្នុងច្បាប់ ក៏មិនមានការរំលោភសិទ្ធិមនុស្សនោះដែរ ប៉ុន្តែ ត្រូវតែអនុវត្តចំពោះបុគ្គលណាដែលបានរារាំង ញុះញង់ និងគេចវេស មិនឱ្យយុវជនគ្រប់អាយុចូលបំពេញកាតព្វកិច្ចយោធា តាមច្បាប់នេះបានចែងតែប៉ុណ្ណោះ៕