គណៈប្រតិភូ និងក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំកម្មវិធី «សកម្មភាពសង្គម និងការងារសហគមន៍» លើកទី៤ ឆ្នាំ២០២៦
27-05-2026 16:28
(កំពង់ធំ-សៀមរាប)៖ គណៈប្រតិភូ និងក្រុមនិស្សិតមកពីមហាវិទ្យាល័យរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបចំកម្មវិធី សកម្មភាពសង្គម និងការងារសហគមន៍ លើកទី៤ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «មួយជំហានទៅមុខ សម្រាប់អ្នកជំនាន់ក្រោយ៖ លើកកម្ពស់ការអប់រំកុមារជំនាន់ថ្មីក្នុងយុគសម័យមហាបវរធិបតី»។
ក្នុងរយៈពេលបីថ្ងៃ នៃកម្មវិធីនេះ គណៈប្រតិភូ និងក្រុមនិស្សិត បានអនុវត្តសកម្មភាពសង្គម និងការងារសហគមន៍នៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលផ្តោតសំខាន់ លើការលើកកម្ពស់ការអប់រំ ការអភិវឌ្ឍសហគមន៍ និងការថែរក្សាមរតកវប្បធម៌ អរិយធម៌ជាតិខ្មែរ។
គណៈប្រតិភូ និងក្រុមនិស្សិត បានអញ្ជើញទៅកាន់សាលាបឋមសិក្សាព្រែក សាលាបឋមសិក្សាច្រនៀង និងសាលាបឋមសិក្សារុនតាឯក ដើម្បីចែកជូនសម្ភារសិក្សា និងសម្ភារចាំបាច់នានា ដល់សិស្សានុសិស្ស។ ស្នាមញញឹម ភាពសប្បាយរីករាយ និងការតាំងចិត្តខិតខំសិក្សារបស់សិស្សានុសិស្ស គឺជាការឆ្លើយតបដ៏មានតម្លៃទៅនឹងការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ គណៈប្រតិភូ និងក្រុមនិស្សិត ទាំងមូលក្នុងបេសកកម្មនេះ។
ជាមួយគ្នានេះផងដែរ គណៈប្រតិភូ និងក្រុមនិស្សិត បានចូលរួមសកម្មភាពដាំដើមឈើចំនួន១០០ដើម នៅតំបន់អង្គរ ក្រោមកិច្ចសហការជាមួយ អាជ្ញាធរជាតិអប្សរា។ សកម្មភាពនេះ គឺជាការរួមចំណែកក្នុងការការពារបរិស្ថាន ការបង្កើនគម្របព្រៃឈើ និងការកសាងអនាគតបៃតង ប្រកបដោយចីរភាពសម្រាប់តំបន់ទេសចរណ៍វប្បធម៌អង្គរ។
បេសកកម្មនៅខេត្តកំពង់ធំរបស់ គណៈប្រតិភូ និងក្រុមនិស្សិត ប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួម និងការស្វាគមន៍ដ៏កកក្ដៅពីសំណាក់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ លោកអភិបាល ក៏បានផ្តល់នូវបទពិសោធន៍ ចំណេះដឹង និងដំបូន្មានដ៏មានតម្លៃដល់ក្រុមនិស្សិត ដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍសមត្ថភាព ភាពជាអ្នកដឹកនាំ និងជាកម្លាំងចលករសម្រាប់សង្គមនាពេលអនាគត។
លើសពីសកម្មភាពសប្បុរសធម៌ និងការងារសហគមន៍ ដំណើរនេះ បានផ្តល់ឱកាសដល់និស្សិត បានសិក្សារៀនសូត្រពីការងារជាក់ស្តែង សាមគ្គីភាពមិត្តភាព និងបង្កើតអនុស្សាវរីយ៍ ដ៏មានន័យជាមួយគ្នា។ កម្មវិធីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា សកម្មភាពតូចមួយបានបង្កើតជាផលវិជ្ជមានដ៏ធំធេងដល់សហគមន៍ និងជួយគាំទ្រដល់ការអភិវឌ្ឍរបស់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយបានផងដែរ។
ជាទីបញ្ចប់ គណៈប្រតិភូ និងក្រុមនិស្សិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្ស និស្សិត អតីតនិស្សិត សប្បុរសជន អ្នកឧបត្ថម្ភ ដៃគូសហការ អ្នកគាំទ្រ និងមិត្តភក្តិទាំងអស់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកធ្វើឱ្យដំណើរការកម្មវិធីនេះទទួលបានជោគជ័យ។ ការគាំទ្រ និងទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកទាំងអស់គ្នា គឺជាកម្លាំងជំរុញសំខាន់ក្នុងការបន្ត បេសកកម្មបម្រើសង្គម និងសហគមន៍របស់ជាតិខ្មែរ។ ជួបគ្នាក្នុងកម្មវិធីសកម្មភាពសង្គម និងការងារសហគមន៍ លើកទី៥ ឆ្នាំ២០២៧ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង៕

















































