អគ្គព្រះរាជអាជ្ញារងតុលាការកំពូល៖ អាយុ១៧ឆ្នាំ ឬតិចជាងនេះ អាចរៀបការបានទេ? ហើយបើឪពុកម្តាយមិនព្រម តើខុសច្បាប់កម្រិតណា?
27-05-2026 16:33
(ភ្នំពេញ)៖ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារងតុលាការកំពូល បានបកស្រាយនូវលក្ខខណ្ឌច្បាប់ជុំវិញការរៀបអាពាហ៍ពិពាហ៍ លើយុវតីដែលមានអាយុ១៧ឆ្នាំ ឬតិចជាងនេះ និងក្នុងករណីដែលឪពុកម្តាយមិនយល់ព្រម តើខុសច្បាប់កម្រិតណា?
នេះជាខ្លឹមសារទាំងស្រុង នៃអត្ថបទទី២០ របស់លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារងតុលាការកំពូល ដែលមានខ្លឹមសារដូចតទៅ៖
* បើក្មេងស្រីមិនមែនជាកូនក្រមុំ តើពួកគេជាអ្នកណា?
ពួកគេគឺជាសសរទ្រូងដ៏មានតម្លៃដែលកំពុងកាន់សៀវភៅស្វែងរកចំណេះដឹង។ ពួកគេជាកូនស្រីដែលមានក្ដីស្រមៃដ៏ធំធេង និងមានសក្តានុពលមិនអាចកាត់ថ្លៃបាន។ ពួកគេគឺជាអនាគតអ្នកវិទ្យាសាស្រ្ត សាស្ត្រាចារ្យ សិល្បករ វិចិត្រករដ៏ឆ្នើម និងជាមេដឹកនាំដែលនឹងបង្កើតការផ្លាស់ប្តូរវិជ្ជមានយ៉ាងពិតប្រាកដនៅក្នុងសង្គមជាតិ។ ពួកគេជាកុមារដែលមានអនាគតដ៏ត្រចះត្រចង់ មិនមែនជាជនរងគ្រោះដែលត្រូវដើរលើផ្លូវដែលគេកំណត់ឱ្យទាំងវ័យក្មេង និងបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួននោះឡើយ។
* ទិដ្ឋភាពច្បាប់កម្ពុជា៖ ដែនកំណត់អាយុ និងអំណាចមេបា
យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់បានការពារអនីតិជនយ៉ាងតឹងរ៉ឹង ដោយកំណត់ព្រំដែនច្បាស់លាស់រវាង «ទំនៀមទម្លាប់» និង «បទដ្ឋានគតិយុត្ត» ដូចខាងក្រោម៖
- គោលការណ៍គ្រឹះ៖ បុរសនិងនារី អាចរៀបអាពាហ៍ពិពាហ៍បាន លុះត្រាតែបានសម្រេចអាយុ ១៨ឆ្នាំឡើងទៅ (អាយុពេញវ័យ)។
- ករណីអាយុ ១៧ឆ្នាំ (ករណីលើកលែងដាច់ខាត)៖ ច្បាប់អនុញ្ញាតឱ្យមានការលើកលែងក្នុងវ័យ ១៧ឆ្នាំបាន លុះត្រាតែមានធាតុផ្សំពីររួមគ្នាគឺ «មានមូលហេតុសមស្រប» (ដូចជាករណីសាមីខ្លួនខាងស្រីមានផ្ទៃពោះ) និងត្រូវតែមាន «ការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល»។
* បើឪពុកម្តាយមិនព្រម តើអាពាហ៍ពិពាហ៍វ័យ ១៧ឆ្នាំ ស្របច្បាប់ទេ?
ចម្លើយគឺ៖ ខុសច្បាប់ទាំងស្រុង និងមិនមានតម្លៃគតិយុត្តឡើយ។
សម្រាប់យុវជនដែលមានអាយុត្រឹម ១៧ឆ្នាំ (អនីតិជន) «ការឯកភាពពីឪពុកម្តាយ» គឺជាលក្ខខណ្ឌដាច់ខាតដែលមិនអាចខ្វះបាន។ ប្រសិនបើឪពុកម្តាយមិនព្រម ឬមិនឯកភាព មន្ត្រីអត្រានុកូលដ្ឋាន (មេឃុំ/ចៅសង្កាត់) នឹងមិនចេញសំបុត្រអាពាហ៍ពិពាហ៍ឱ្យឡើយ ហើយអាពាហ៍ពិពាហ៍នោះនឹងត្រូវចាត់ទុកថាជា «អាពាហ៍ពិពាហ៍មោឃៈ» ដែលអាចប្ដឹងរំលាយចោលបាន។
* សញ្ញាអាសន្ន៖ ករណីអាយុក្រោម ១៥ឆ្នាំ ត្រូវប្រឈមទោសព្រហ្មទណ្ឌដាច់ខាត!
ចំណុចនេះបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវតែយល់ដឹងឱ្យបានច្បាស់លាស់ថា ចំពោះកុមារដែលមានអាយុក្រោម ១៥ឆ្នាំ ទោះបីជាមានការព្រមព្រៀងពីសាមីខ្លួនកុមារក្ដី ឬមានការឯកភាព និងរៀបចំពិធីការតាមប្រពៃណីពីសំណាក់ឪពុកម្តាយទាំងសងខាងក្ដី ក៏ច្បាប់ព្រហ្មទណ្ឌមិនលើកលែងឱ្យឡើយ។
រាល់ការរួមភេទ ឬការរួមរស់ជាមួយកុមារអាយុក្រោម ១៥ឆ្នាំ គឺត្រូវចាត់ទុកជា «បទល្មើសព្រហ្មទណ្ឌជាដាច់ខាត» (បទរួមភេទជាមួយអនីតិជន ឬបទរំលោភសេពសន្ថវៈលើកុមារ អាស្រ័យលើករណីជាក់ស្តែង)។ ភាគីខាងប្រុសដែលទៅរួមរស់ ឬរួមភេទជាមួយកុមារីអាយុក្រោម ១៥ឆ្នាំ ត្រូវតែប្រឈមមុខនឹងការចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរពីច្បាប់ ដោយគ្មានការអនុគ្រោះឡើយ ពីព្រោះកុមារក្នុងវ័យនេះមិនទាន់មានសិទ្ធិ ឬភាពចាស់ទុំក្នុងការផ្តល់ការយល់ព្រមតាមផ្លូវច្បាប់នោះទេ។
* ផលប៉ះពាល់ និងការរួមគ្នាផ្លាស់ប្តូរ
ការរៀបការទាំងវ័យក្មេង មិនត្រឹមតែបំផ្លាញឱកាសសិក្សារបស់កុមារីប៉ុណ្ណោះទេ តែថែមទាំងបង្កហានិភ័យខ្ពស់ដល់សុខភាពមាតានិងទារក ព្រមទាំងងាយរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដោយសារខ្វះភាពចាស់ទុំខាងសតិអារម្មណ៍ និងសេដ្ឋកិច្ច។ ការការពារក្មេងស្រីពីអាពាហ៍ពិពាហ៍វ័យក្មេង និងការរំលោភបំពានផ្លូវភេទ គឺជាកាតព្វកិច្ចរបស់សង្គមទាំងមូល៕







