រដ្ឋមន្ត្រីវប្បធម៌៖ ច្រើនឆ្នាំនេះ កម្ពុជានិងវៀតណាមតែងតែមានទំនាក់ទំនងក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងយោគយល់គ្នាខ្ពស់

27-05-2026 16:35

(ភ្នំពេញ)៖ ព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រីTrinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលមហោស្រពសន្និសីទចតុម្មុខ នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមឆ្នាំ២០២៦ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងថា រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជានិងវៀតណាមតែងតែមានទំនាក់ទំនងក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងយោគយល់គ្នាខ្ពស់។ ការរឹតចំណងមិត្តភាពតាមរយៈការអនុវត្តកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌ និងសិល្បៈ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះគ្រប់តួអង្គទាំងអស់ ទាំងថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី របស់ប្រទេសទាំងពីរ ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ប្រកបដោយជោគជ័យ និងមិនដែលអាក់ខាន៕