Fresh Exclusive: កម្ពុជាផ្តល់សម្លេងលើវេទិកាពិភពលោក៖ រាជរដ្ឋាភិបាលបញ្ជាក់ថា ការពារទឹកដីត្រូវធ្វើតាមការទូត និងច្បាប់អន្តរជាតិ មិនមែនតាមសង្គ្រាម (Video inside)

27-05-2026 16:47

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេស បានថ្លែង សុន្ទរកមួយនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែឧសភា ដើម្បីបញ្ជូនសារទៅកាន់ពិភពលោក អំពីជំហររបស់កម្ពុជា ចំពោះបញ្ហាជម្លោះព្រំដែន និងអធិបតេយ្យភាពជាតិ។

តាមរយៈវេទិកាអន្តរជាតិនេះ កម្ពុជា ក៏កំពុងព្យាយាមធ្វើឱ្យសហគមន៍អន្តរជាតិកាន់តែ “ស្តាប់ឮ” និង កាន់តែ “យល់ដឹង” អំពីជំហររបស់ខ្លួន ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ តើជំហររបស់កម្ពុជា ដើម្បីដោះស្រាយយកទឹកដី ដែលថៃបានកាន់កាប់ខុសច្បាប់មកវិ តាមរបៀបណា?

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅក្នុងពិភពលោកដែលកំពុងតែរង្គោះរង្គើដោយសង្គ្រាម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងជម្លោះព្រំដែន, ប្រទេសតូចៗជាច្រើនកំពុងប្រឈមនឹងសំណួរដ៏លំបាកមួយ៖ តើពួកគេអាចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនបានដោយរបៀបណា នៅពេលពួកគេមិនមានអំណាចយោធាដូចប្រទេសមហាអំណាចនោះ?

សម្រាប់កម្ពុជា ចម្លើយនោះ កំពុងត្រូវបានបង្ហាញកាន់តែច្បាស់ នៅលើឆាកអន្តរជាតិ។ វាមិនមែនតាមរយៈការគំរាមកំហែងដោយអាវុធនោះទេ ប៉ុន្តែតាមរយៈការទូត ច្បាប់អន្តរជាតិ និងការនិយាយដោយមិនឈប់ឈរ នៅគ្រប់វេទិកាពហុភាគី។

*សុន្ទរកថារដ្ឋមន្ត្រីការបរទេស៖ សារយុទ្ធសាស្ត្រទៅពិភពលោក
សុន្ទរកថារបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែឧសភា គឺមិនមែនគ្រាន់តែជាសុន្ទរកថាការទូតធម្មតាមួយនោះទេ។ ប្រសាសន៍របស់លោក គឺជាការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់ពិភពលោកថា កម្ពុជា ចង់ឱ្យជម្លោះ និងបញ្ហាព្រំដែនត្រូវដោះស្រាយតាមរយៈសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ។

នៅក្នុងសុន្ទរកថានោះ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖

«Territorial integrity and the peaceful settlement of disputes and refrain from the threat of using force remain indispensable for maintaining international peace, security, stability and justice»

«បូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចៀសវាងការគំរាមកំហែង ឬការប្រើកម្លាំង គឺជាមូលដ្ឋានដ៏មិនអាចខ្វះបាន សម្រាប់ការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងយុត្តិធម៌នៅក្នុងរបៀបអន្តរជាតិ»។

ពាក្យ “territorial integrity” ឬ “បូរណភាពទឹកដី” ដែលត្រូវបានលើកឡើងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា មិនមែនជាពាក្យការទូតធម្មតានោះទេ។ វាជាពាក្យដែលមានទម្ងន់យុទ្ធសាស្ត្រ ច្បាប់ និងនយោបាយអន្តរជាតិយ៉ាងខ្លាំង ព្រោះវាប៉ះពាល់ដោយផ្ទាល់ដល់សិទ្ធិអធិបតេយ្យភាពរបស់រដ្ឋមួយ និងសិទ្ធិរបស់ប្រជាជាតិមួយក្នុងការការពារដែនដីរបស់ខ្លួន។

សម្រាប់កម្ពុជា ការលើកឡើងអំពី “បូរណភាពទឹកដី” នៅក្នុងវេទិកាកំពូលរបស់អង្គការសហប្រជាជាតិ គឺជាការរំលឹកទៅកាន់សហគមន៍អន្តរជាតិថា បញ្ហាអធិបតេយ្យភាព និងព្រំដែន មិនអាចដោះស្រាយដោយសម្ពាធ ការគំរាមកំហែង ឬកម្លាំងបានឡើយ។ ផ្ទុយទៅវិញ វាត្រូវតែដោះស្រាយដោយការគោរពច្បាប់អន្តរជាតិ ការសន្ទនាដោយស្មោះត្រង់ និងគោលការណ៍សន្តិភាពរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

*កម្ពុជាប្រើច្បាប់អន្តរជាតិ ជាជញ្ជាំងការពារអធិបតេយ្យភាព
អត្ថន័យសំខាន់នៃសុន្ទរកថារបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នេះ គឺកម្ពុជា កំពុងបញ្ជាក់ថា ប្រទេសតូចមួយមិនចាំបាច់ពឹងផ្អែកលើកម្លាំងយោធាដើម្បីការពារខ្លួនជានិច្ចនោះទេ។ ក្នុងពិភពលោកសម័យថ្មី ច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងព្រំដែន ផែនទី ប្រវត្តិសាស្ត្រ និងវេទិកាពហុភាគី ក៏អាចក្លាយជាឧបករណ៍ការពារអធិបតេយ្យភាពដ៏មានប្រសិទ្ធភាពដែរ។

ដូច្នេះ សុន្ទរកថារបស់ប្រមុខដឹកនាំការទូតកម្ពុជា មិនត្រឹមតែបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការគាំទ្រសន្តិភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ដោយប្រយោលថា កម្ពុជាមានជម្រើសច្បាស់លាស់មួយ៖ ការពារទឹកដីដោយច្បាប់ ការទូត និងការគាំទ្រពីសហគមន៍អន្តរជាតិ មិនមែនដោយសង្គ្រាម។

*កម្ពុជាមិនស្វែងរកការប្រឈមមុខ ប៉ុន្តែស្វែងរកយុត្តិធម៌
ដោយលើកឡើងពី “ការចៀសវាងការគំរាមកំហែង ឬការមិនប្រើកម្លាំង” refrain from the threat of using force, រដ្ឋមន្ត្រីការបរទេសកម្ពុជា បានដាក់សាររបស់កម្ពុជានៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិយ៉ាងច្បាស់។ សារនេះបង្ហាញថា កម្ពុជាមិនចង់ឱ្យជម្លោះណាមួយវិវត្តទៅជាសង្គ្រាម ឬការប្រឈមមុខដោយយោធានោះទេ។ ប៉ុន្តែកម្ពុជាក៏មិនអាចព្រងើយកន្តើយចំពោះបញ្ហាដែលពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនបានដែរ។

នេះហើយជាចំណុចស្នូល ដែលធ្វើឱ្យសាររបស់កម្ពុជា កាន់តែមានទម្ងន់៖ កម្ពុជានិយាយពីសន្តិភាព មិនមែនដោយសារតែខ្លាចការពារ ដែនដីរបស់ខ្លួនទេ ប៉ុន្តែដោយសារកម្ពុជាជឿថា ការការពារដែនដីត្រូវធ្វើតាមវិធីដែលស្របច្បាប់ ស្របធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាចទទួលបានការគាំទ្រពីពិភពលោក។

*ពីសមរភូមិព្រំដែន ទៅសមរភូមិការទូត និងច្បាប់អន្តរជាតិ
នៅក្នុងយុគសម័យដែលប្រទេសមហាអំណាចជាច្រើនកំពុងប្រើទាំងអំណាចយោធា សម្ពាធសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្ត្រនយោបាយ ដើម្បីការពារ និងពង្រីកផលប្រយោជន៍របស់ខ្លួន កម្ពុជា កំពុងព្យាយាមបង្ហាញទៅកាន់ពិភពលោកថា ប្រទេសតូចមួយ ក៏អាចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនបានដែរ តាមរយៈការទូត ការសន្ទនា និងច្បាប់អន្តរជាតិ។

នេះហើយជាមូលហេតុដែលកម្ពុជា បន្តលើកឡើងពីបញ្ហាអធិបតេយ្យភាព និងជម្លោះព្រំដែននៅលើវេទិកាអន្តរជាតិ មិនថានៅអង្គការសហប្រជាជាតិ វេទិកាតំបន់អាស៊ាន ឬកិច្ចប្រជុំពហុភាគីផ្សេងៗឡើយ។ គោលបំណងរបស់កម្ពុជា មិនមែនដើម្បីបង្កើតការប្រឈមមុខគ្នា ឬជំរុញភាពតានតឹងនោះទេ ប៉ុន្តែដើម្បីធ្វើឱ្យសហគមន៍អន្តរជាតិ “ស្តាប់ឮ” និង “កត់ត្រា” ជំហររបស់កម្ពុជា ដែលកំពុងព្យាយាមដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ តាមរយៈមធ្យោបាយសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ។

ក្នុងន័យនេះ កម្ពុជាកំពុងព្យាយាមប្តូរ “សមរភូមិនៃការប្រឈមមុខ” ឱ្យទៅជា “សមរភូមិនៃភាពស្របច្បាប់អន្តរជាតិ”។ ពោលគឺ ជំនួសឱ្យការប្រើកម្លាំងដើម្បីបង្ហាញអំណាច កម្ពុជា កំពុងប្រើវេទិកាអន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ថា បញ្ហាអធិបតេយ្យភាព និងព្រំដែន ត្រូវតែដោះស្រាយដោយច្បាប់ មិនមែនដោយសម្ពាធនយោបាយ ឬកម្លាំងយោធានោះទេ។

“ការទូត និងច្បាប់អន្តរជាតិ” ជាស្នូលនយោបាយរបស់កម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅបានសង្កត់ធ្ងន់យ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ United Nations Security Council ថា៖

“Firmly believed that disputes must be resolved exclusively through dialogue, diplomacy, and adherence to international law.”

«កម្ពុជាជឿជាក់ដ៏មុតមាំថា ជម្លោះត្រូវតែដោះស្រាយទាំងស្រុងតាមរយៈការសន្ទនា ការទូត និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ»។

ប្រសាសន៍នេះ អាចចាត់ទុកថាជា “ស្នូលនយោបាយការទូត” របស់កម្ពុជា នៅក្នុងដំណាក់កាលបច្ចុប្បន្ន។ វាបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងព្យាយាមផ្លាស់ប្តូរទិសដៅនៃជម្លោះ ពីការប្រឈមមុខនៅតាមព្រំដែន ទៅកាន់សមរភូមិនៃការទូត ច្បាប់អន្តរជាតិ និងការគាំទ្រពីសហគមន៍អន្តរជាតិ។

សម្រាប់ប្រទេសតូចៗដូចជាកម្ពុជា “ភាពស្របច្បាប់អន្តរជាតិ” ឬ International Legitimacy គឺជាកម្លាំងដ៏សំខាន់មួយ។ ព្រោះនៅក្នុងពិភពលោកសព្វថ្ងៃ ឥទ្ធិពលមិនត្រូវបានវាស់តែដោយកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានវាស់តាមរយៈសមត្ថភាពក្នុងការធ្វើឱ្យពិភពលោកយល់ ទទួលស្គាល់ និងគាំទ្រជំហររបស់ខ្លួនផងដែរ។

ដូច្នេះ នៅពេលពិភពលោកចាប់ផ្តើមឮ និងយល់ពីជំហររបស់កម្ពុជា សំឡេងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក៏ចាប់ផ្តើមមានទម្ងន់ និងឥទ្ធិពលកាន់តែខ្លាំងឡើងផងដែរ។

*កម្ពុជាប្រើ “ភាសានៃច្បាប់អន្តរជាតិ” ដើម្បីស្វែងរកយុត្តិធម៌
នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កម្ពុជា បានព្យាយាមប្រើ “ភាសានៃអំណាចច្បាប់” ដើម្បីបញ្ជាក់ថា កម្ពុជាមិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ស្របតាមច្បាប់អន្តរជាតិ។

សុន្ទរកថារបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅលើវេទិកាអន្តរជាតិនោះ ក៏បានរំលឹកពីបទពិសោធន៍ប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម ការបែកបាក់ និងវិបត្តិជាច្រើន កម្ពុជា យល់ច្បាស់ជាងគេអំពីតម្លៃនៃសន្តិភាព និងផលវិបាកដ៏ធ្ងន់ធ្ងរនៃការប្រឈមមុខដោយអាវុធ។

ហេតុនេះហើយ កម្ពុជា កំពុងព្យាយាមបង្ហាញទៅកាន់ពិភពលោកថា ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី មិនចាំបាច់ត្រូវធ្វើតាមរយៈកម្លាំងយោធាជានិច្ចនោះទេ។ សម្រាប់ប្រទេសតូចមួយ ការទូត ច្បាប់អន្តរជាតិ និងការគាំទ្រពីសហគមន៍អន្តរជាតិ ក៏អាចក្លាយជាឧបករណ៍ការពារជាតិដ៏មានប្រសិទ្ធភាពដែរ។

“ការពន្យល់ទៅពិភពលោក” ក៏ជាអំណាចមួយដែរ
នៅក្នុងពិភពលោកបច្ចុប្បន្ន ការនិយាយបកស្រាយ និងការពន្យល់ឱ្យសហគមន៍អន្តរជាតិយល់អំពីជំហរសន្តិភាពរបស់ប្រទេសមួយ ក៏អាចក្លាយជាអំណាចមួយដែរ។ ព្រោះនៅក្នុងយុគសម័យព័ត៌មាន និងការទូតពហុភាគី ប្រទេសណាដែលអាចធ្វើឱ្យពិភពលោកយល់ និងទទួលស្គាល់ការពន្យល់ដ៏ក្បោះក្បាយ និងស្របច្បាប់របស់ខ្លួនបាន ប្រទេសនោះនឹងទទួលបានអត្ថប្រយោជន៍ផ្នែកការទូត និងនយោបាយយ៉ាងសំខាន់ពីសហគមន៍អន្តរជាតិ។

នេះហើយជាមូលហេតុដែលកម្ពុជា បន្តលើកយកបញ្ហាអធិបតេយ្យភាព និងការដោះស្រាយជម្លោះដោយសន្តិវិធីទៅកាន់វេទិកាអន្តរជាតិជាបន្តបន្ទាប់។ សម្រាប់កម្ពុជា វាមិនមែនគ្រាន់តែជាការនិយាយនោះទេ ប៉ុន្តែជាការកសាង “កំណត់ត្រាអន្តរជាតិ” (International Record) និង “ការយល់ដឹងអន្តរជាតិ” (International Awareness) សម្រាប់បញ្ហាដែលខ្លួនចាត់ទុកថា ជាបញ្ហាជាតិដ៏សំខាន់ពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី។

កម្ពុជាចង់ឱ្យដំណោះស្រាយស្ថិតនៅក្នុងក្របខណ្ឌច្បាប់ មិនមែនសមរភូមិ
មុនបញ្ចប់សុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលបានគាំទ្រការឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃថា៖ (សម្លេងពី៤និង០៣ដល់៤និង២០)

“Cambodia sincerely appreciates the support of international community for the ceasefire and the peaceful settlement of dispute between Cambodia and Thailand in accordance to international law and the principle of the UN Charter.”

«កម្ពុជាសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រពីសហគមន៍អន្តរជាតិចំពោះការឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។

ការលើកឡើងនេះ កំពុងបង្ហាញយ៉ាងច្បាស់ថា កម្ពុជា ចង់ឱ្យដំណោះស្រាយនៃជម្លោះព្រំដែន ស្ថិតនៅក្នុងក្របខណ្ឌការទូត ច្បាប់អន្តរជាតិ និងគោលការណ៍សន្តិភាពរបស់អង្គការសហប្រជាជាតិ មិនមែននៅលើសមរភូមិ ឬតាមរយៈការប្រើកម្លាំងនោះទេ។

ក្នុងន័យមួយ នេះគឺជាការបង្ហាញថា កម្ពុជា កំពុងព្យាយាមផ្លាស់ប្តូរជម្លោះព្រំដែនពី “វិបត្តិយោធា” ទៅជា “បញ្ហានៃច្បាប់អន្តរជាតិ” ដែលត្រូវដោះស្រាយដោយសហគមន៍អន្តរជាតិ និងគោលការណ៍នៃរបៀបអន្តរជាតិទំនើប។

សន្និដ្ឋាន៖
កម្ពុជា ទោះបីមិនមាននាវាផ្ទុកយន្តហោះ មិនមានអាវុធនុយក្លេអ៊ែរ និងមិនមានឥទ្ធិពលយោធាដូចប្រទេសមហាអំណាចក៏ពិតមែន ប៉ុន្តែកម្ពុជា មានអ្វីមួយដែលប្រទេសតូចៗជាច្រើនកំពុងពឹងផ្អែកដូចគ្នា នោះគឺច្បាប់អន្តរជាតិ ការទូត និងសម្លេងរបស់ខ្លួននៅលើឆាកពិភពលោក។

នៅក្នុងពិភពលោកសម័យថ្មី អំណាច មិនត្រូវបានវាស់ត្រឹមតែដោយចំនួនកងទ័ព ឬសព្វាវុធទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានវាស់តាមរយៈសមត្ថភាពក្នុងការធ្វើឱ្យសហគមន៍អន្តរជាតិយល់ ទទួលស្គាល់ និងគាំទ្រជំហររបស់ខ្លួនផងដែរ។

ហេតុនេះហើយ កម្ពុជា កំពុងព្យាយាមប្រើវេទិកាអន្តរជាតិ ការទូត និងគោលការណ៍នៃច្បាប់អន្តរជាតិ ដើម្បីបញ្ជាក់ថា បញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី មិនអាចដោះស្រាយដោយការគំរាមកំហែង ឬការប្រើកម្លាំងបានទេ ប៉ុន្តែត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ដូច្នេះ នៅក្នុងយុគសម័យដែលការទូតកំពុងក្លាយជាសមរភូមិថ្មី សម្លេងរបស់ប្រទេសតូចមួយ ដែលនិយាយដោយសន្តិវិធី ប៉ុន្តែនិយាយជាប់ជានិច្ច និងនិយាយដោយផ្អែកលើច្បាប់អន្តរជាតិ អាចក្លាយជាកម្លាំងមួយដែលពិភពលោកមិនអាចថាមិនស្តាប់ និងមិនអាចថា មិនយកចិត្តទុកដាក់បានឡើយ៕