រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធី Cambodia Travel Match 2026 Mini-Series ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
27-05-2026 16:54
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី Cambodia Travel Match 2026 Mini-Series ដែលជាវេទិកាដ៏សំខាន់សម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ (ចិន វៀតណាម និងមីយ៉ាន់ម៉ា) និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល ដែលមានអ្នកចូលរួមសរុបប្រមាណ ២០០នាក់។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) ដៃគូឧបត្ថម្ភ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា Cambodia Travel Match 2026 ដែលរៀបចំឡើងជាលើកទី៣នេះ គឺជាវេទិកាទីផ្សារទេសចរណ៍ប្រកបដោយភាពទូលំទូលាយ និងនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងសកម្មរបស់កម្ពុជា ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃទេសចរណ៍សកល តាមរយៈការកសាងភាពតភ្ជាប់ទីផ្សារ និងភាពជាដៃគូយូរអង្វែង។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីមានភាពមិនច្បាស់លាស់នៅលើស្ថានការណ៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល និងតំបន់ ក្នុងឆ្នាំ២០២៥ ក៏ដោយ កម្ពុជានៅតែទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ដែលបង្ហាញពីកំណើនប្រកបដោយគុណភាពនៃវិស័យទេសចរណ៍កម្ពុជា។ ដោយឡែក ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៣ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានជាង ៣៣០,០០០ នាក់ ឈរនៅលំដាប់ទី១ បន្ទាប់មកភ្ញៀវទេសចរវៀតណាម ប្រមាណ ៣១២,០០០ នាក់ ឈរនៅលំដាប់ទី២ និងភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង ១០,០០០ នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិន រយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍កម្ពុជា និងជាឱកាសដ៏សំខាន់សម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបន្ថែមមកកម្ពុជា។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ និងវិនិយោគប្រកបដោយសុវត្ថិភាព ដោយស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ដែលបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានសន្តិភាពយូរអង្វែង ដែលបានកសាងឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ល្បីល្បាញលើពិភពលោក ជាពិសេសតំបន់អង្គរ ទីក្រុងដ៏រស់រវើក តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ទេសភាពទន្លេមេគង្គ និងបឹងទន្លេសាប តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងម្ហូបអាហារខ្មែរដែលមានអត្តសញ្ញាណពិសេស។
ជាមួយគ្នានេះ កម្ពុជា ក៏មានបរិយាកាសវិនិយោគដ៏សកម្ម ដែលគាំទ្រដោយរាជរដ្ឋាភិបាលគាំទ្រវិស័យឯកជន ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ និងការតភ្ជាប់តំបន់កាន់តែរឹងមាំ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលកំពុងពង្រឹងតួនាទីកម្ពុជាជាមជ្ឈមណ្ឌលទេសចរណ៍ និងធុរកិច្ចក្នុងតំបន់ និងបង្កើតឱកាសវិនិយោគថ្មីៗ លើវិស័យបដិសណ្ឋារកិច្ច អាកាសចរណ៍ ភស្តុភារ កិច្ចប្រជុំ និងព្រឹត្តិការណ៍ រមណីយដ្ឋានរួមបញ្ចូលគ្នា អេកូទេសចរណ៍ និងទេសចរណ៍ពហុគោលដៅ។
មុនបញ្ចប់ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីថា ក្រសួងទេសចរណ៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជារដូវកាលដ៏ពិសេសសម្រាប់ភ្ញៀវទេសចរ ក្នុងការទទួលយកបទពិសោធន៍ថ្មីៗ និងស្វែងយល់ពីសម្រស់ធម្មជាតិ និងវប្បធម៌កម្ពុជា ពីទស្សនវិស័យថ្មី ដោយមានកញ្ចប់ផ្សព្វផ្សាយពិសេសស្របតាមយុទ្ធនាការ ៦ គួរ រួមមាន៖ គួរចង់ឃើញ , គួរស្នាក់នៅ, គួរភ្លក្ស , គួរទស្សនា, គួរសាកល្បង , គួរទិញ។ ជាកិច្ចបញ្ចប់ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណចំពោះ PATA, CTF, CTB ដៃគូឧបត្ថម្ភ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យតាមការគ្រោងទុក៕
















