ក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ៖ ក្រុមហ៊ុនកូរ៉េចំនួន៥ គ្រោងទៅកម្ពុជាស្វែងរកឱកាសវិនិយោគ

27-05-2026 17:01

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Lee Mooncheol នាយកប្រតិបត្តិក្រុមហ៊ុន Aerobi Co., Ltd និងលោក Song Young-Ho គ្រូបង្វឹកកីឡាវាយសី នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ក្រោមការសម្របសម្រួលរបស់លោក Kim Yun Tae នាយកសារមន្ទីរពហុវប្បធម៌កូរ៉េ។

លោក Kim បានសម្តែងនូវសេចក្តីសោមន្សរីករាយដែលមានឱកាសអញ្ជើញមកស្ថានទូតសាជាថ្មី និងបានជម្រាបពីវឌ្ឍនភាព នៃការងារសហការក្នុងការស្វែងរកអ្នកវិនិយោគកូរ៉េ ដើម្បីទៅសិក្សាពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ដែលជាលទ្ធផលលោកមានគម្រោងដឹកនាំក្រុមហ៊ុនចំនួន៥ទៅកាន់ប្រទេសកម្ពុជាជាជំហានដំបូង នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមអ្នកវិនិយោគកូរ៉េនៅកម្ពុជា លោកបានសំណូមពរឲ្យស្ថានទូតជួយសម្របសម្រួលជំនួបជាមួយក្រសួង-ស្ថាប័ន និងក្រុមហ៊ុនជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសិក្សាបន្ថែមពីឱកាសវិនិយោគជាមួយគ្នានាពេលអនាគត។

លោកអគ្គរាជទូត បានថ្លែងអំណរគុណ លោក Kim ដែលតែងតែសហការ សម្របសម្រួលការងារ និងណែនាំក្រុមហ៊ុនមួយចំនួនដើម្បីស្វែងយល់បន្ថែមពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជានាពេលកន្លងមក។

ជាការឆ្លើយតបលោកជម្រាបជូនភាគីក្រុមហ៊ុនថា ស្ថានទូតនឹងជួយសម្របសម្រួលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា និងសំណើសុំជួបជាមួយភាគីពាក់ព័ន្ធកម្ពុជា និងបន្តគាំទ្រក្រុមហ៊ុនឱ្យទទួលបានផ្លែផ្កាក្នុងដំណេីរទស្សនកិច្ចការងារនាពេលឆាប់ៗខាងមុខនេះ៕