ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ៣១គ្រួសារ នៅស្រុករមាសហែក

27-05-2026 17:08

(ស្វាយរៀង)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមកាកបាទក្រហមឃុំ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករមាសហែក ស្តីពីករណីប្រជាពលរដ្ឋរងគ្រោះមហន្តរាយ នៅព្រឹកថ្ងទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលរងគ្រោះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ចំនួន៣១ខ្នង (ធ្ងន់ ៧ខ្នង មធ្យម ២៤ខ្នង) របួសមនុស្សម្នាក់ នៅឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។

សូមបញ្ជាក់ថា ពិធីនេះរៀបចំនៅសាលាឃុំ ២៤គ្រួសារ និងចែកជូនតាមខ្នងផ្ទះ ៧គ្រួសារ អំណោយដែលបានចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកស៊ីអ៉ីវ ៦ដប ត្រីខ ១០កំប៉ុង កន្ទេលជ័របត់១ ឃីត១កញ្ចប់មាន មុង១ ភួយ១ ក្រម៉ា១ សារុង១ ថវិកា ៥ ម៉ឺនរៀល។

ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល២ ថវិកា ២០ម៉ឺនរៀល ឧបត្ថម្ភដល់អ្នករបួសថវិកា២០ម៉ឺនរៀល ឧបត្ថម្ភដល់អាជ្ញាធរភូមិ ឃុំ ប្រជាការពារ ដែលជួយរុះរើ និងរៀបចំលំនៅដ្ឋានថវិកា ២,១០០,០០០ រៀល មូលនិធិឃុំ និងសប្បុរសជន សប្បុរសជន ក៏បានឧបត្ថម្ភដល់អ្នករងគ្រោះធ្ងន់សរុបថវិកា ៧០ម៉ឺនរៀល៕