មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់

27-05-2026 17:25

(ព្រៃវែង)៖ លោក អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ ក្នុងគោលបំណង ពង្រឹងការយល់ ដឹងអំពីច្បាប់ ជលវិទ្យា ជលគតិ និងការវាយតម្លៃផលប៉ះពាល់នៃអាជីវកម្មបូមខ្សាច់មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងសុវត្ថិភាពមាត់ច្រាំងទន្លេ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីនអភិបាលខេត្ត និងគណៈប្រតិភូអមដំណើរ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការអន្តរវិស័យ អភិបាលក្រុង ស្រុកទាំង១៣ មេឃុំ ចៅសង្កាត់ បណ្ដាក្រុមហ៊ុន សហគ្រាស ដែលធ្វើអាជីវកម្មខ្សាច់ និងបងប្អូនអ្នកសារព័ត៌មានផងដែរ។

ក្នុងឱកាសនោះ លោក ហែម ពិសិដ្ឋ បានឲ្យដឹងថា លើវិស័យធនធានរ៉ែខ្សាច់ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មក្នុងខេត្ត សរុបចំនួន ១០ អាជ្ញាបណ្ណ ក្នុងនោះ​​​បូមខ្សាច់សំណង់ និងដីល្បាយខ្សាច់ ចំនួន៩ អាជ្ញាបណ្ណ និងបូមខ្សាច់គាំទ្រប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១អាជ្ញាបណ្ណ។

លោក អភិបាលរងបន្តថា កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នាឱកាសនេះ នឹងសម្រេចតាមគោលបំណង និងទទួលបានលទ្ធផលដូចការរំពឹងទុក ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តការងារទទួលបានជោគជ័យ។

​បន្ថែមលើសពីនេះ លោក អាន ពេជ្រហត្ថដា បានថ្លែងគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់លាស់អំពីបទដ្ឋានគតិយុត្ត និងច្បាប់ធរមាននានា ដល់ប្រតិបត្តិករ និងអាជ្ញាធរពាក់ព័ន្ធ។ ពង្រឹងយន្តការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ឱ្យមានតម្លាភាព និងគណនេយ្យភាព។ ធានាថាការបូម និងដកហូតខ្សាច់ត្រូវអនុវត្ត ទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីជៀសវាងការបាក់ច្រាំង និងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន ព្រមទាំងចរន្តទឹក។

​ជាមួយគ្នានេះ អាជីវកម្មខ្សាច់គឺជាផ្នែកមួយនៃការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវាក៏ទាមទារឱ្យមានការគ្រប់គ្រងយ៉ាងម៉ត់ចត់បំផុត។ រាល់ការធ្វើអាជីវកម្មទាំងអស់ ត្រូវតែធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ ការពារផលប្រយោជន៍សាធារណៈ និងធានាបាននូវចីរភាពបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

​ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានបើកឱកាសឱ្យអ្នកចូលរួមជជែកពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅធ្វើឱ្យការអនុវត្តការងារគ្រប់គ្រង ធនធានខ្សាច់នៅក្នុងខេត្តព្រៃវែង កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕