អភិបាលខេត្តកែប ជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងវិធានការទប់ស្កាត់ជំងឺឆ្លងលើគោក្របី និងសត្វចិញ្ចឹមផ្សេងៗក្នុងរដូវវស្សា

27-05-2026 19:35

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងវិធានការទប់ស្កាត់ជំងឺឆ្លង ជាពិសេសក្នុងរដូវវស្សា ដែលជាពេលងាយកើត និងឆ្លងរាលដាលជំងឺលើគោក្របី និងសត្វចិញ្ចឹមផ្សេងៗ។
លោកអភិបាលខេត្តជំរុញបែបនេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅ​ភូមិទូលសាងាំ​ ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើ​។
លោកអភិបាលខេត្ត បន្តថា យុទ្ធនាការនេះ មានគោលបំណង លើកកម្ពស់សុវត្ថិភាពវិស័យបសុសត្វ និងជួយការពារជីវភាពប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមសត្វផងដែរ។ ហើយការចាក់វ៉ាក់សាំងបង្ការ និងការគ្រប់គ្រងចលនាសត្វ ឬសាច់សត្វ គឺជាវិធានការសំខាន់ក្នុងការការពារសុខភាពសត្វ និងរក្សាសុវត្ថិភាពវិស័យបសុសត្វនៅមូលដ្ឋាន។
លោកបណ្ឌិត សោម ពិសិដ្ឋ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាកសិករទាំងអស់ សូមនាំយកគោក្របី និងសត្វចិញ្ចឹមរបស់ខ្លួន មកទទួលការចាក់វ៉ាក់សាំងការពារជំងឺ ឱ្យបា​នគ្រប់ៗគ្នា តាមពេលវេលា និងទីតាំងដែលមន្ត្រីជំនាញបានកំណត់ ដើម្បីការពារសុខភាពសត្វ ទប់ស្កាត់ការឆ្លងរាលដាលជំងឺ និងរក្សាសុវត្ថិភាពក្នុងការប្រកបរបរចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ជំងឺសត្វតែងកើតមានច្រើន ក្នុងរដូវភ្លៀងធ្លាក់ ដោយសារទឹកហូរនាំមេរោគ ពីតំបន់មួយទៅតំបន់មួយ និងការដឹកជញ្ជូនសត្វឈឺ ឬសាច់សត្វពីតំបន់ផ្ទុះជំងឺ។ លោកបញ្ជាក់ថា បច្ចុប្បន្នខេត្តកែប មានគោក្របីជិត១ម៉ឺនក្បាល និងសត្វចិញ្ចឹមជាច្រើនប្រភេទទៀត។
លោក ថឹង បូរិន បន្ថែមថា បន្ទាប់ពីបើកយុទ្ធនាការនេះ មន្ត្រីជំនាញ នឹងសហការជាមួយអាជ្ញាធរ និងភ្នាក់ងារសុខភាពសត្វភូមិ បន្តចុះចាក់វ៉ាក់សាំងតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ និងលើកកម្ពស់សុវត្ថិភាព ក្នុងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ៕