ជំនួបជាមួយមន្ដ្រីជាន់ខ្ពស់ CDC, ប្រធានសភាពាណិជ្ជកម្មកូរ៉េ សន្យាទាក់ទាញបណ្តាធុរជន និងវិស័យឯកជនកូរ៉េ មកវិនិយោគនៅកម្ពុជា

27-05-2026 22:30

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសហការីទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយលោក Park Joo Bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉។

នេះជាលើកទី៣ ហើយដែលលោក Park Joo Bong បានដឹកនាំគណៈប្រតិភូធុរកិច្ចមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបើកឱកាសថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ក្នុងជំនួបពិភាក្សាការងារនេះ លោកអគ្គលេខាធិការបានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូធុរកិច្ចក្រុង Incheon នៅកម្ពុជា។ លោកបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្ត និងជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្ត ប្រកបដោយភាពទាក់ទាញ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីធានានូវសុខសុវត្ថិភាពទាំងសម្រាប់អ្នកទេសចរ និងវិនិយោគិន។

បន្ថែមពីនេះ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសជំនួបសម្តែងការគួរសម ជាមួយគណៈប្រតិភូ ICCI កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា លោកបានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េបណ្តាក់ទុនវិនិយោគ ក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ដូចជា ការកែច្នៃស្វាយចន្ទី និងការកែច្នៃស្រូវ ដែលជាវិស័យកំពុងមានសក្តានុពលខ្ពស់។

ទន្ទឹមនេះ លោកក៏បានលើកឡើងនូវវិស័យកែច្នៃជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ ដែលកំពុងមានតម្រូវការខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសម្បកកង់រថយន្ត និងផ្គត់ផ្គង់ដល់រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមផ្សេងៗ ហើយដែលកំពុងទាមទារឱ្យមានការបណ្តាក់ទុនវិនិយោគដើម្បីច្បាមយកផលប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ ក៏ដូចជាធានាបាននូវស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

ជាការឆ្លើយតប លោក Park Joo Bong ប្រធាន ICCI បានសម្តែងការកោតសរសើរ និងចាប់អារម្មណ៍ខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ ដែលលោកអគ្គលេខាធិការបានលើកឡើង ជាពិសេសលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោកប្រធានបានបញ្ជាក់ពីបំណងយ៉ាងមុតមាំក្នុងការជំរុញ និងនាំសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់ផ្ទាល់អំពីទីផ្សារកម្ពុជាជាបន្តបន្ទាប់។ លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះ បានជួយបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងទទួលបានព័ត៌មានផ្លូវការច្បាស់លាស់អំពីបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា។

លើសពីនេះ លោកបានសន្យា នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីសក្តានុពលពិតប្រាកដ និងកិច្ចសម្របសម្រួលដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាធុរជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើន និងឈានឡើងដល់កម្រិតថ្មីមួយទៀត។

ជាចុងក្រោយ លោកបានសម្តែងនូវការរំពឹងទុកនូវលទ្ធផលល្អប្រសើរពីការរៀបចំបេសកកម្មទាក់ទាញវិនិយោគនៅទីក្រុង Incheon របស់គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក.អ.ក ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមិថុនាខាងមុខនេះ៕