ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សា FASMEC ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីចង្វាក់ផលិតកម្មនៅរោងចក្រ ក្រយាហ្វូដ (Kraya Food)
28-05-2026 11:56
(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំសមាជិក ក្រុមប្រឹក្សាភិបាល និងសហគ្រិនជាច្រើនរូប ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ពីចង្វាក់ផលិតកម្ម នៅក្នុងរោងចក្រ ក្រយាហ្វូដ (Kraya Food) ដែលជាសហគ្រាសក្នុងស្រុកដ៏ឈានមុខមួយក្នុងការកែច្នៃ និងផលិតចំណីអាហារប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។
ការចុះទស្សនកិច្ចនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង បណ្តាញអាជីវកម្ម ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងរវាងថ្នាក់ដឹកនាំ សមាជិក FASMEC និងម្ចាស់សហគ្រាស ក្រយាហ្វូដ អំពីគ្រប់គ្រងចង្វាក់ផលិតកម្ម ការធានាបាននូវអនាម័យ សុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
នៅក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម FASMEC បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រោងចក្រ ក្រយាហ្វូដ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា៖ «ការចុះមកពិនិត្យមើលខ្សែសង្វាក់ផលិតកម្មផ្ទាល់នៅថ្ងៃនេះ គឺបានបង្ហាញឱ្យឃើញពីសក្តានុពលដ៏ខ្លាំងក្លារបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក ដែលមានសមត្ថភាពផលិត និងកែច្នៃផលិតផលជាតិ ឱ្យមានស្តង់ដារមិនចាញ់ផលិតផលនាំចូលនោះឡើយ។ នេះជាគំរូមួយដ៏ល្អស្របតាមស្មារតី «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ»។
ជាមួយគ្នានេះដែរ តំណាងរោងចក្រ ក្រយាហ្វូដ ក៏បានសម្តែងនូវក្តីរីករាយ និងកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងសមាជិកនៃសម្ព័ន្ធសមាគម FASMEC ព្រមទាំងបានធ្វើការបង្ហាញជូននូវគ្រប់ដំណាក់កាលនៃផលិតកម្ម ចាប់តាំងពីការជ្រើសរើសវត្ថុធាតុដើមក្នុងស្រុក រហូតដល់ការវេចខ្ចប់ជាផលិតផលសម្រេច។
ទស្សនកិច្ចសិក្សានេះ បានបញ្ចប់ទៅដោយផ្លែផ្កា និងស្និទ្ធស្នាលបំផុត ដោយបានបើកឱកាសឱ្យសហគ្រិនទាំងអស់បានជជែកពិភាក្សា រកឱកាសសហការគ្នាទៅវិញទៅមក ដែលជាកាតាលីករមួយជួយជម្រុញឱ្យវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កាន់តែមានការរីកចម្រើន ប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព៕














