ថ្ងៃនេះជាខួបមួយឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបាញ់សម្លាប់វីរៈកងទ័ពខ្មែរ លោក សួន រោន (Video inside)

28-05-2026 12:11

(ភ្នំពេញ)៖ ព្រឹកព្រលឹមអុរថ្ងៃទី២៨ ខែឧសភា កាលពីឆ្នាំមុនប្រជាពលរដ្ឋខ្មែរនៅទូទាំងនគរ បាន​ទទួលនូវដំណឹងដ៏តក់ស្លុត និងក្តុកក្តួលយ៉ាងក្រៃលែងពីតំបន់ព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្ត​ព្រះ​វិហារវីរៈកងទ័ពខ្មែរដែលដេកថែដីទល់ដែន បានរងការបាញ់ប្រហារពីសំណាក់កងទ័ពថៃក្នុង​សកម្ម​ភាពឈ្លានពានដីខ្មែរ បណ្តាលឱ្យវីរៈកងទ័ពខ្មែររងរបួស និងពលីជីវិត។

លោកព្រិន្ទបាលឯក សួន រោន បានស្លាប់ភ្លាមៗនៅក្នុងលេនដ្ឋាន ឈាមប្រឡាក់ពេញប្រាណ ប្រាណ​មានត្រឹមតែខោខ្លី។ កងទ័ពថៃ បានប្រព្រឹត្តនូវទង្វើយ៉ាងព្រៃផ្សៃ ចូលមកលួបលួច​បាញ់​កង​ទ័ពខ្មែរទាំងកំពុងស្ថិតក្នុងដំណេកនៅឡើយនោះ។

ព្រឹត្តិការណ៍នោះ បាននាំមកនូវទឹកព្រះទ័យ និងដួងចិត្តវិយោគសោកសៅ បង្កប់ក្តីឈឺចាប់ក្រៃ​លែងទាំងព្រះមហាក្សត្រខ្មែរ ថ្នាក់ដឹកនាំនៃស្ថាប័នជាតិខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងរាស្ត្រសាមញ្ញនៅទូទាំងនគរ។

ព្រះរាជសារ និងសារចូលរួមរំលែកមរណទុក្ខ ការសោកស្តាយ និងថ្កោលទោសចំពោះទង្វើ​ព្រៃ​ផ្សៃ​​របស់កងទ័ពថៃ ត្រូវបានធ្លាក់ជាបន្តបន្ទាប់។ ប្រជាពលរដ្ឋខ្មែរទាំងលើបណ្តាញសង្គម និង​ក្រៅ​​​បណ្តាញ​សង្គម បានផុសឡើងនូវភ្លើងកំហឹងខឹងស្អប់ដុតរោលឆួលឆេះពេញឱរា បាន​បញ្ចេញ​សារ​សោក​សង្រេង​ឈឺចាប់ និងថ្កោលទោសយ៉ាងផុលផុសចំពោះទង្វើដ៏សែន​អាក្រក់​ជូរជាតិរបស់​កង​ទ័ពថៃ។

រយៈពេលរំលងទៅមួយឆ្នាំហើយក្តី តែដំប៉ៅដ៏សែនឈឺចាប់មិនអាចសះជានោះឡើយ។ ក្តីសោក​សៅ ទំហំការឈឺចាប់មិនអាចគណនានោះ នៅតែដក់ជាប់ឈួលឆេះពេញឱរាកូនខ្មែរ។ សារ​រំលឹកដល់ព្រឹត្តិការណ៍មហាឈឺចាប់មួយនេះ ត្រូវបានចែកចាយយ៉ាងផុលផុសលើបណ្តាញ​សង្គម។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹករឿងនេះតាំងពី៨ថ្ងៃ​មុនម្ល៉េះក្នុងជំនួបមន្ត្រីរាជការនៅតាមបណ្តាខេត្ត។ សម្រាប់សម្តេចតេជោ ហ៊ុន សែន វីរភាពរបស់​លោកព្រិន្ទបាលឯក សួន រោន នៅតែដក់ជាប់ក្នុងដួងចិត្ត។ សម្តេចតេជោ តែងតែរំលឹកពីវីរភាព​កង​ទ័ពខ្មែរ ហើយបំផុសស្មារតីមន្ត្រីឱ្យប្រែក្លាយក្តីឈឺចាប់មួយនេះ ទៅជាការពង្រឹងស្មារតីស្នេហា​ជាតិមាតុភូមិ និងប្រឹងប្រែងប្រែក្លាយក្តីឈឺចាប់នេះ ជាការពង្រឹងភាពជាតិឱ្យរឹងមាំ។

សូមឱ្យពលីកម្មវីរៈកងទ័ព សួន រោន បន្តដក់ជាប់ក្នុងដួងចិត្តកូនខ្មែរ និងដាស់ស្មារតីកូនខ្មែរគ្រប់​រូបឱ្យប្រឹងប្រែងស្អិតស្អាងកាយចិត្ត បញ្ញាស្មារតី និងការប្រឹងប្រែងជាកំពែងការពារជាតិ និង​កសាងជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់មហិច្ឆតាដ៏សែនអាក្រក់ពិសពុលនៃកងទ័ពថៃ។ សូមឱ្យក្តីឈឺចាប់នេះ ក្រើនរំលឹកកូនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយ ដើម្បីក្រោកឡើងលើក​តម្កើង​កិត្យានុភាពជាតិ និងរួមគ្នាការពារជាតិ​ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។

សូមបុណ្យកងកុសលទាំងឡាយយិតយោងដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ សួន រោន បានទៅដល់ទីស្ងប់សុខ៕