ស.ស.យ.ក រៀបចំព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» ប្រែក្លាយការឈឺចាប់ មកជាការពង្រឹងភាពរឹងមាំរបស់ជាតិ
28-05-2026 12:38
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ នឹងរៀបចំកម្មវិធី«ដាស់ស្មារតីជាតិ Day of Reckoning ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីចងក្រង និង ផ្សព្វផ្សាយឱ្យសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយបានដឹង និងចងចាំទុក អំពីបទពិសោធ និងរឿងរ៉ាវ ជាមេរៀនដែលកម្ពុជាបានឆ្លងកាត់។
បើតាម ស.ស.យ.ក ការរៀបចំយុទ្ធនាការនេះ ក៏ជាការបំផុសស្មារតីឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ មានការចងចាំ មានការឯកភាពជាទស្សនៈជាតិ និងក្រើនរំលឹកដាស់តឿនស្មារតីជាប់ជាប្រចាំពីហានិភ័យនានា ដែលអាច កើតមានចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។
ព្រឹត្តិការណ៍«ដាស់ស្មារតីជាតិ» រៀបចំឡើងនៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលនឹងមានអ្នកចូលរួមប្រមាណ៧ពាន់នាក់។
ព្រឹត្តិការណ៍«ដាស់ស្មារតីជាតិ» នឹងជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ស្ថាប័នរបស់ខ្លួន និងសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ ជាអាទិ៍។ សង្គ្រាមដែលបានកើតឡើងរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២៥ ជាសង្គ្រាម ដែលកម្ពុជាមិនបានជ្រើសរើស និងគ្មានជម្រើស ក្រៅពីការពារខ្លួន ប៉ុន្តែវាក៏បានបំផុស និងដាស់ស្មារតីស្នេហា ជាតិពីប្រជាពលរដ្ឋគ្រប់រូប។ នេះជាឱកាសមិនគួរឱ្យបាត់បង់ ក្នុងការប្រមូលស្មារតីទៅជាកម្លាំងចិត្ត ដាស់តឿន ដើម្បីពង្រឹងភាពរឹងមាំរបស់ជាតិ។
តាមរយៈព្រឹត្តិការណ៍នេះ នឹងបង្ហាញឱ្យឃើញថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជានៅតែតស៊ូជម្នះនូវបញ្ហា ជាមួយ ស្មារតីរួបរួម ជួយគ្នាក្នុងគ្រាលំបាក ដែលមិនអាចបំបែកបំបាក់បាន
បន្ថែមពីនេះនឹងបង្កើតជាវេទិកា ជំរុញជាចលនា ផ្សារភ្ជាប់ជាមួយដៃគូរឱ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត និងពង្រឹងស្មារតី និងត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យ ដែលអាច នឹងកើតមានឡើងនាថ្ងៃអនាគត៕






