សាលាខណ្ឌដូនពេញ សហការជាមួយអង្គការម៉ារីស៊ី រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធ»

28-05-2026 13:04

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦សាលាខណ្ឌដូនពេញ បានសហការជាមួយអង្គការម៉ារីស៊ី រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធ» ជូនដល់ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងហាងម៉ាស្សា-ស្ប៉ា ក្រោមអធីបតី ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង «បង្ការទុកជាមុន» នូវសកម្មភាពជួញដូរមនុស្សនៅតាមទីតាំងអាជីវកម្មកម្សាន្តអារម្មណ៍ ដើម្បីដាស់ស្មារតីភ្ញាក់រលឹកខ្ពស់ និងស្វែងយល់បានច្បាស់លាស់នូវ «បន្ទាត់ក្រហមនៃច្បាប់» ដែលមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ឬកេងប្រវ័ញ្ចលើអនីតិជនជាដាច់ខាត។

ជាកិច្ចចាប់ផ្ដើម លោក ឌី នឿត នាយកប្រតិបត្តិអង្គការ ម៉ារីស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងថាអង្គការម៉ារីស៊ី បានធ្វើការស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលនិងបទដ្ឋានគតិយុត្តរបស់កម្ពុជា ហើយថ្នាក់ដឹកនាំបង្ហាញនៅស្មារតីគាំពាររបស់អង្គការម៉ារីស៊ី។

លោកបានបន្ដទៀតថា ជាការពិតបេសកកម្មរបស់ អង្គការ ម៉ារីស៊ី គឺរួមគ្នាជាមួយរាជរដ្ឋាភិបាល ហើយថ្មីៗនេះរាជរដ្ឋាភិបាល មានសម្ដេចនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការរាយការណ៍ និងជួយគាំពារដល់មូលដ្ឋាន ពីព្រោះថាកុមារគឺជាទំពាំងស្នងឬស្សី។

នាឱកាសនោះដែរ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ​ តំណាងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវកិត្យានុភាព និងបរិយាកាសវិនិយោគប្រកបដោយសីលធម៌ រដ្ឋបាលខណ្ឌដូនពេញតែងតែប្រកាន់ខ្ជាប់នូវ «គោលការណ៍មិនអត់ឱនដាច់ខាត Zero Tolerance» ចំពោះសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់សុវត្ថិភាព និងការលូតលារ់របស់កុមារ។

លោក បានបន្តដូច្នេះថា៖ «ទោះបីជាយើងជាអាជ្ញាធរតែងតែយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសណ្ដាប់ធ្នាប់ក៏ដោយ ប៉ុន្តែការវិវត្តនៃសង្គមបច្ចុប្បន្ន ទាមទារឱ្យយើងត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដង»

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងថាអំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋ ហើយអំពើទាំងអស់នេះគឺទាមទារឲ្យមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋជាដើម។

លោកឧត្តមសេនីយ៍ឯក បានបន្ដថា អ្វីដែលសំខាន់បំផុតនោះ គឺរាជរដ្ឋាភិបាលកម្ពុជា ដូចជាអ្នកពាក់ព័ន្ធទាំងអស់ មានការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងអស់នេះ ដូច្នេះហើយការផ្សព្វផ្សាយការបណ្ដុះបណ្ដាល ការលើកកម្ពស់សមត្ថភាព គឺជារឿងចាំបាច់ដើម្បី ឱ្យមានការចូលរួម យ៉ាងហោចណាស់ ក៏ដឹងអំពីអត្តសញ្ញាណនៃអំពើជួញដូរមនុស្សជាតិ កើតចេញពីអ្វី ហើយយ៉ាងណាទៅដែលហៅថាអំពើជួញដូរមនុស្ស៕