គណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវ១ខ្សែ ភ្ជាប់ពីស្រុកភ្នំក្រវាញ ទៅស្រុកក្រគរ ខេត្តពោធិ៍សាត់
28-05-2026 13:50
(ពោធិ៍សាត់)៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះត្រួតពិនិត្យបញ្ចប់ការធានាគុណភាព លើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួលចំនួន ១ខ្សែ ប្រវែង ៨១០០ម៉ែត្រ ទទឹង៦ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ១កន្លែង លូមូលមុខពីរចំនួន ៣កន្លែង ស្ថិតក្នុងឃុំព្រងិល និងត្នោតជុំ ស្រុកភ្នំក្រវាញ និងស្រុកក្រគរ ខេត្តពោធិ៍សាត់ អនុវត្តគម្រោងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះ លោកបណ្ឌិត ចាន់ ដារ៉ុង បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទដែលមានលោក ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី បាននឹងកំពុងយកចិត្តលើគុណភាពផ្លូវជនបទ ទាំងការស្ថាបនាផ្លូវថ្មី និងការជួសជុល ថែទាំផ្លូវដែលមានស្រាប់ ដើម្បីការប្រើប្រាស់បានយូរអង្វែង ធ្វើឲ្យចំណេញថវិការជាតិ ជាក់ស្តែង ក្នុងពេលនេះ គណៈកម្មការអន្តរក្រសួង និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ វាយតំលៃលើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួលចំនួន ១ខ្សែក្នុងខេត្តពោធិ៍សាត់ ដែលផ្លូវល្បាយក្រួសជាទូទៅ ពុំមានអាយុកាលប្រើប្រាស់ បានយូរដូចផ្លូវកោះស៊ូរ និងផ្លូវបេតុងនោះ ដូចនេះការថែទាំប្រកបដោយគុណភាពគឺជារឿងចាំបាច់។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការ បានជម្រាបជូនដល់អាជ្ញាធរ ភូមិ-ឃុំ ថា ទោះជាការងារថែទាំផ្លូវនេះ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក៏ពិតមែន តែសូមអាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនេះដោយផ្ទាល់ត្រូវចូលរួមចំណែកក្នុងការថែរក្សា ដោយទប់ស្កាត់ការដឹកលើសទំងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំលុបផ្លូវទឹកសងខាងផ្លូវ កុំហាលកសិផលនានានៅលើផ្លូវ មានផ្លូវស្រួលកុំបើកបរលឿនពេកត្រូវគោរច្បាប់ចរាចរណ៍ និងត្រូវចូលរួមថែរក្សាបរិស្ថានអនាម័យតាមដងផ្លូវ។
បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសរួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលបញ្ចប់ការធានាគុណភាព លើគម្រោងខាងលើនេះ។ ទន្ទឹមនេះ គណៈកម្មការអន្តរក្រសួងបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកទទួលការ ឱ្យជួយថែផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕




























