សប្បុរសជន ឧបត្ថម្ភបង្គោលភ្លើងសូឡាចំនួន២០០ ជូនរដ្ឋបាលក្រុងបាវិត សម្រាប់ដាក់បំភ្លឺតាមផ្លូវសាធារណៈ
28-05-2026 13:52
(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានទទួលបង្គោលភ្លើងសូឡាចំនួន២០០ដើម ស្មើនិងទឹកប្រាក់ ៤៨,០០០ដុល្លារ ពីលោក ឆាន់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុន ប៊ីអឹម ខនស្ត្រាក់ អេឡិចទ្រីក ឯ.ក ដើម្បីទុកដាក់បំភ្លឺតាមផ្លូវសាធារណៈ។
ក្នុងឱកាសនោះ លឹម សៀងហេង បានថ្លែងថា ក្នុងនាមរដ្ឋបាលក្រុងបាវិត លោកសូមសម្តែងនូវការកោតសរសើរដ៏ជ្រាលជ្រៅ និងថ្លែងអំណរគុណចំពោះលោក ឆាន់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុន ប៊ីអឹម ខនស្ត្រាក់ អេឡិចទ្រីក ឯ.ក ដែលបានឧបត្ថម្ភបង្គោលភ្លើងសូឡា សម្រាប់តម្លើងនៅក្នុងមូលដ្ឋានក្រុងបាវិត។
លោកបានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌នេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អំពូលភ្លើងសូឡានេះ មិនត្រឹមតែជួយបំភ្លឺផ្លូវនៅពេលយប់ និងកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍន៍មូលដ្ឋាន បង្កើនសោភ័ណភាព បង្កើនសន្តិសុខ សុវត្ថិភាព និងកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានថែមទៀតផង។
ជំនួយឧបត្ថម្ភនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការគិតគូរ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៕


















