រដ្ឋមន្ត្រី ហួត ហាក់៖ ការអភិវឌ្ឍទេសចរណ៍ ត្រូវការសាមគ្គីភាព និងកិច្ចសហការពីគ្រប់ភាគី
28-05-2026 14:33
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ ស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ សម្រាប់បន្តជំរុញការអនុវត្តកម្មវិធី និងផែនការសកម្មភាពសំខាន់ៗនៃវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយិកាវិទ្យាស្ថាន នាយកសាលា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី ខេត្តតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Zoom Meeting) សរុបចំនួនប្រមាណ ២០០រូប។
តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានពិភាក្សាទៅលើសេចក្តីរាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ជំរឿនមន្ត្រី និង វឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍, សេចក្តីព្រាងគោលការណ៍ណែនាំការប្រឡងប្រណាំងអង្គភាព ស្អាត ឆ្នើម, សេចក្តីរាយការណ៍ស្តីពីការត្រៀមរៀបចំផែនការថវិកាឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩, សេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ឧទ្យានជាតិភ្នំគូលែន ២០២៦-២០២៨ ព្រមទាំងលទ្ធផលនៃការចុះតាមដាន ត្រួតពិនិត្យ និង វាយតម្លៃសមិទ្ធកម្ម «បញ្ចប់អណត្តិ» លើការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ និងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០ ផងដែរ៕












