លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់បណ្ណថ្លែងអំណរគុណដល់បណ្តាញព័ត៌មាន Fresh News ក្នុងការចូលរួមផ្សព្វផ្សាយយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ យ៉ាងផុសផុលដល់សាធារណជនគ្រប់ទិសទី (Video inside)

28-05-2026 14:48

(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រគល់បណ្ណថ្លែងអំណរគុណដល់លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ចំពោះការផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការចូលរួមផ្សព្វផ្សាយអំពំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងផុសផុល ដល់សាធារណជនគ្រប់ទិសទី។

ពិធីប្រគល់បណ្ណសរសើរនេះ បានធ្វើឡើងក្នុងឳកាសលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា»
ដែលបានប្រព្រឹត្តទៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh។

នៅក្នុងបណ្ណថ្លែងអំណរគុណនោះ បានបញ្ជាក់ថាការចូលរួមផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន Fresh News កាលពីឆ្នាំ២០២៥ កន្លងទៅបានធ្វើឱ្យយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈទាំងក្នុងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជនចូលរួមបរិច្ចាគ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

នាឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ដែលបានចូលរួមចំណែកក្នុងការជួយកៀរគររកថវិកាជួយទៅដល់កុមារកម្ពុជា តាមរយៈការផ្សព្វផ្សាយយ៉ាងសកម្ម និងសូមស្នើដល់ឱ្យស្ថាប័នសារព័ត៌មានឈានមុខមួយនេះ បន្ដជួយផ្សព្វផ្សាយកាន់តែផុសផុលបន្ថែមទៀត ដើម្បីឱ្យយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦នេះ កាន់តែទទួលបានលទ្ធផលជោគជ័យដូចបណ្ដាឆ្នាំមុនៗដែរ។

លោក លឹម ជាវុត្ថា បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងបន្តជំរុញការផ្សព្វផ្សាយបន្ថែមទៀតឲ្យកាន់តែទូលំទូលាយ ពោលគឺផ្សព្វផ្សាយឲ្យបានច្រើនដង និងជាប់ជាប្រចាំ ដើម្បីជ្រាបដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ងាយស្រួលចូលរួមជួយបរិច្ចាគដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។

សូមជម្រាបថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានរៀបចំ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលពេញ១ខែមិថុនា ចាប់តាំងពីឆ្នាំ២០២២ មក។ យុទ្ធនាការនេះជាកាតាលីករដ៏សំខាន់ក្នុងការជំរុញការបំផុសចលនាកៀរគរការបរិច្ចាគឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោម សិស្ស និស្សិត យុវជន បុគ្គលិក មន្រ្តីរាជការ ថ្នាក់ដឹកនាំ ពាណិជ្ជករ និងសាធារណជន ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី «ខ្មែរជួយខ្មែរ»ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្រីមានផ្ទៃពោះ នៅកម្ពុជា រាប់លានករណី ក្នុងមួយឆ្នាំ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និង មិនមានការរើសអើង៕